(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃសេតវិមានលោក ភីតធើ ណាវ៉ារ៉ូ (Peter Navarro) បានលើកឡើងថា រូបលោកផ្ទាល់ក៏បានអង្គុយក្នុងបន្ទប់តែមួយ នៃជំនួបរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង កាលពីពេលកន្លងទៅនេះដែរ ប៉ុន្តែលោកមិនដែលបានស្តាប់លឺលោក ត្រាំ ស្នើឲ្យចិនជួយលោកដើម្បីឈ្នះឆ្នោតមួយអាណត្តិទៀត ដូចអ្វីដែលបានចោទប្រកាន់នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
លោក Navarro បានប្រាប់ទូរសទ្សន៍ CNN យ៉ាងដូច្នេះថា «ខ្ញុំមិនដែលបានស្តាប់លឺ (លោក ត្រាំ ស្នើសុំជំនួយពីចិនដើម្បីបានឈ្នះឆ្នោតនោះទេ)។ ខ្ញុំក៏នៅក្នុងបន្ទប់នោះដែរ»។
មិនតែប៉ុណ្ណោះទីប្រឹក្សារូបនេះ បានសង្កត់ធ្ងន់ទៀតថា ការចោទប្រកាន់ដែលបានផ្ទុះឡើងនៅក្នុងសៀវភៅមួយរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ លោក ចន បូលតុន (John Bolton) មកលើរូបលោកប្រធានាធិបតី គឺជារឿង «ឆ្កួតសុទ្ធ» ដ្បិតថាទំនាក់ទំនងរវាងលោកប្រធានាធិបតី ត្រាំ និងចិនគឺមានភាពតានតឹងនឹងគ្នាខ្លាំងណាស់ ទាំងវិស័យពាណិជ្ជកម្ម និងកាទូត។
គួរជម្រាប លោក John Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះតែម្តង បើទោះបីជាមានការរារាំងពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ ក្នុងសៀវភៅនោះ លោក Bolton បានទម្លាយរឿងអាស្រូវជាច្រើនរបស់លោក ត្រាំ ក្នុងចំណោមនោះលោកបានចោទប្រកាន់ប្រធានាធិបតីរូបនេះថា ធ្វើនយោបាយបម្រើតែប្រយោជន៍ផ្ទាល់ខ្លួន តួយ៉ាងដូចជាស្នើសុំចិនឲ្យលោកជាប់ឆ្នោតម្តងទៀតជាដើម៕