(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ប្រទេសថៃរកមិនឃើញករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ២៨ថ្ងៃជាប់ៗគ្នាមកហើយ ខណៈករណីនាំចូលជំងឺនេះពីក្រៅប្រទេសវិញ នៅតែបន្តកើតមានជារឿយៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃលោក ថាវីស៊ីន វិសានុយោធិន (Taweesin Visanuyothin)បានលើកឡើងយ៉ាងដូច្នេះថា «ករណីឆ្លងថ្មីៗដែលត្រូវបានរកឃើញនាពេលបច្ចុប្បន្ននេះ គឺជាប្រភេទករណីចូលពីបរទេស»។
ជាការឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើង ពីសំណាក់អាជីវករផ្នែកសេវាកម្មទាំងឡាយ ក្នុងទាមទារបើកដំណើរការឡើងវិញនូវសកម្មភាពអាជីវកម្មរបស់ពួកគេ លោក Taweesin បានប្រកាសថា ហាងខារ៉ាអូខេ និងកន្លែងកម្សាន្តនានាផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នៅពេលវិធានការរឹតត្បិតស្ថិតក្នុងដំណាក់កាលទី ៥។
ទន្ទឹមនឹងនោះអ្នកនាំពាក្យរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ដំណាក់កាលទី ៥ នៃការបន្ធូរបន្ថយវិធានការរិតត្បិត នឹងធ្វើឡើងដោយមាន ឬគ្មានការពន្យារពេលនៃអនុក្រឹត្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ រហូតមកទល់នឹងពេលនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣,១៥១ករណី ដោយក្នុងនោះ ៥៨នាក់ស្លាប់ និង ៣,០២២នាក់បានជាសះស្បើយឡើងវិញ៕