(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបាននិយាយថា លទ្ធភាពនៃការធ្វើសកម្មភាពយោធា គឺអាស្រ័យថាតើកូរ៉េខាងជើង បញ្ជូនខិត្តប័ណ្ណឆ្លងព្រំដែន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងដោយវិធីណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានត្រៀមរួចរាល់ហើយ ក្នុងការបង្ហោះបាឡុងចំនួន ៣,០០០ ដែលមានផ្ទុកខិត្តប័ណ្ណជាង ១២លានសន្លឹក មកកាន់កូរ៉េខាងត្បូង ដើម្បីជាការសងសឹកទៅនឹងទីក្រុងសេអ៊ូល ដែលបរាជ័យក្នុងការបញ្ឈប់កុំឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅជ្រកកោននៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន។ កូរ៉េខាងជើង មិនបានបញ្ជាក់លម្អិតពីវិធី ឬពេលវេលាបញ្ជូនខិត្តប័ណ្ណទាំង ១២លានសន្លឹកខាងលើនោះទេ ប៉ុន្តែបានអះអាងថា យន្ដហោះដ្រូនក៏អាចនឹងត្រូវប្រើប្រាស់ ក្នុងការចែកចាយខិត្តប័ណ្ណទាំងនេះដែរ។
ជុំវិញបញ្ហានេះដែរ មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានប្រាប់យ៉ុនហាប់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លទ្ធភាពនៃការប្រើធ្វើសកម្មភាពយោធា ជាការឆ្លើយតប គឺអាស្រ័យថាតើកូរ៉េខាងជើងបញ្ជូនខិត្តប័ណ្ណឆ្លងព្រំដែន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយវិធីណា។ មន្ត្រីរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់យន្ដហោះដ្រូន រំលោភលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ នោះយើងមានតែត្រូវបង្ខំចិត្ត ចាត់វិធានការសកម្មភាពយោធាជាការឆ្លើយតប»។ ទោះជាយ៉ាងណា កូរ៉េខាងត្បូងមិនបានបញ្ជាក់ថា តើសកម្មភាពយោធាឆ្លើយតបនោះ ស្ថិតនៅក្នុងកម្រិតណានោះឡើយ។
គួរបញ្ជាក់ នៅក្រោមកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កូរ៉េទាំង២ បានបង្កើតតំបន់គ្មានការហោះហើរ មួយនៅតាមតំបន់ព្រំដែន។ ប៉ុន្តែកូរ៉េខាងជើង ធ្លាប់បានព្រមានថា នឹងបោះចោលកិច្ចព្រមព្រៀងនេះ រួមទាំងកិច្ចព្រមព្រៀងដទៃទៀត ជាមួយកូរ៉េខាងត្បូង៕