(វីយែន)៖ ក្រុមមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងត្រូវចូលរួមកិច្ចប្រជុំមួយក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីពិភាក្សាពីអនាគតសន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២១។ ប៉ុន្តែមានក្ដីសង្ឃឹមតិចតួចណាស់ ដែលមហាអំណាចទាំង ២ អាចឈានដល់កិច្ចព្រមព្រៀងជាថ្មីណាមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

កិច្ចពិភាក្សាខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ដល់ថ្ងៃអង្គារសប្ដាហ៍នេះ ហើយក្រសួងការបរទេសអាមេរិកបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏បានបើក ទ្វារចំហអញ្ជើញចិនឱ្យចូលរួមក្នុងកិច្ចចរចានេះដែរ ដើម្បីស្វែងរកសន្ធិសញ្ញាគ្រប់គ្រងអាវុធត្រីថ្មីមួយ ជំនួសសន្ធិសញ្ញា New START។ លោក ដាល ឃីមបល (Daryl Kimball) នាយកសមាគមគ្រប់គ្រងអាវុធ (Arms Control Association) មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថា មានក្ដីសង្ឃឹមតិចតួចណាស់ ដែលសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី អាចឈានដល់កិច្ចព្រមព្រៀងជាថ្មីណាមួយ ហើយមូលហេតុនោះគឺដោយសារតែចិន។

លោក Daryl Kimball បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសន្និដ្ឋានមួយ ដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺ... រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមិនបន្តសុពលភាពលើសន្ធិសញ្ញា New START នោះទេ បើសិនជាចិនមិនព្រមចូលរួម ហើយអាមេរិកអាចនឹងប្រើប្រាស់ ការព្រងើយកន្ដើយរបស់ចិន ជាលេសទុកឱ្យសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនេះ អស់សុពលភាពដោយខ្លួនឯង»

លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជាច្រើនដងថា សន្ធិសញ្ញា New START បានផ្ដល់ឱកាសឱ្យចិន សម្ងំបង្កើនការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន ខណៈអាមេរិក និងរុស្ស៊ី កំពុងជាប់បម្រាមនៅក្រោមសន្ធិសញ្ញានេះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវឱ្យចិន ចូលរួមក្នុងសន្ធិសញ្ញាអាវុធត្រីភាគីថ្មីផងដែរ តែចិនបានបដិសេធរួចហើយ។

គួរជម្រាបថា សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី មានគោលដៅដាក់កំហិតលើការដាក់ពង្រាយ អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ មិនឱ្យលើស ១,៥៥០គ្រាប់រៀងៗខ្លួនរវាងប្រទេសទាំង ២។ សន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាព នៅខែកុម្ភៈ ឆ្នាំ២០២១៕