(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពិចារណាជួបលោក នីកូឡាស់ ម៉ាឌូរ៉ូ ក្រោយប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ត្រូវគេប៉ុនប៉ងទម្លាក់ចេញពីតំណែងជាច្រើនលើកច្រើនសា តែមិនបានសម្រេច។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «លោក ម៉ាឌូរ៉ូ នឹងពេញចិត្តចូលរួមក្នុងកិច្ចប្រជុំ ហើយខ្ញុំក៏មិនដែលបានបដិសេធកិច្ចប្រជុំណាមួយនោះដែរ»

បន្ថែមពីខាងលើនេះ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួនធំកន្លងមកនេះ។

គួរជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិក នៅតែបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ប៉ុន្តែវិធានការនេះមិនអាចបង្ខំឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងបានឡើយ ហើយវាមិនអាចស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះដែរ។ ផ្ទុយទៅវិញ ប្រជាជនវេណេស៊ុយអេឡា ទូទាំងប្រទេសបែរជារងគ្រោះធ្ងន់ធ្ងរពីទណ្ឌកម្មនេះទៅវិញ ដោយធ្វើឱ្យពួកគេរស់នៅក្នុងភាគក្រីក្រ និងរាប់លាននាក់ក្លាយជាជនភៀសខ្លួន រត់ទៅរកការងារធ្វើនៅតាមប្រទេសក្បែរខាង៕