(ប៉េកាំង)៖ អាជ្ញាធរចិនបានផ្អាកការនាំចូល ផលិតផលសាច់មាន់ពីក្រុមហ៊ុនអាមេរិកមួយចំនួន និងបញ្ជាឱ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសារតែបារម្ភពីការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចចិត្តខាងលើ កើតមានឡើងបន្ទាប់ពីអាជ្ញាធរចិន បានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់នៃការឆ្លង COVID-19 ក្រោយមានសេចក្ដីរាយការណ៍ ពីការរកឃើញករណីឆ្លងជាចង្កោមនៅក្នុង ក្នុងរោងចក្រមួយចំនួននៅប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។

បើតាមអាជ្ញាធរគយចិន ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាមេរិក ថាយសាន់ (Tyson Foods) ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុនមួយនេះ នៅសហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 ជាចង្កោម។ អាជ្ញាធរគយចិន បានបន្ថែមទៀតថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន Tyson Foods ដែលបានមកដល់ទឹកដីចិនរួចហើយ នឹងត្រូវបានរឹបអូស ខណៈរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង ក៏ត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្នផងដែរ បន្ទាប់ពីបុគ្គលិកជាច្រើននាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19៕