(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលទទួលខុសត្រូវលើការធ្វើ ទុក្ខបុក្ខម្នេញប្រឆាំងនឹងជនជាតិដើមភាគតិចម៉ូស្លីម អ៊ុយហ្គឺ (Uighur) នៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង (Xinjiang) ដោយសារបារម្ភខ្លាចវិធានការបែបនេះ បំផ្លាញដល់កិច្ចចរចាពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ និងត្រូវបានដកស្រង់សម្ដីចុះផ្សាយបន្ត ដោយសារព័ត៌មានអាមេរិក អាក់ស៊ីយ៉ូស (Axios)។ នៅក្នុងបទសម្ភាសន៍នោះដែរ នៅពេលត្រូវបានសាកសួរថា តើហេតុអ្វីបានជាលោក មិនបានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុក្ខម្នេញប្រឆាំងនឹងជនជាតិដើមភាគតិចម៉ូស្លីម Uighur នៅក្នុងតំបន់ស្វយ័ត Xinjiang លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងកំពុងស្ថិតនៅចំណុចកណ្ដាល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ ហើយខ្ញុំបានចុះកិច្ចព្រមព្រៀងដ៏អស្ចារ្យនេះ ដែលមានទំហំទឹកប្រាក់នៃការទិញផលិតផលពីសហរដ្ឋអាមេរិក ២៥០ពាន់លានដុល្លារ»

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ជនជាតិដើមភាគតិចម៉ូស្លីម Uighur នៅក្នុងតំបន់ស្វយ័ត Xinjiang ច្រើនជាង ១លាននាក់ ត្រូវបានអាជ្ញាធរចិនចាប់បង្ខាំង នៅក្នុងជំរំលុតដំជាច្រើននៃតំបន់មួយនេះ ហើយក្រសួងការបរទេសអាមេរិក ក៏បានចោទប្រកាន់អាជ្ញាធរចិនផងដែរថា បានធ្វើទារុណកម្ម និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិ Uighur។ ទោះជាយ៉ាង ទីក្រុងប៉េកាំងបានទាត់ចោលការចោទប្រកាន់បែបនេះ ដោយអះអាងតបវិញជាច្រើនលើកឡើងថា ជំរំដែលត្រូវបានបង្កើតឡើង គឺជាកន្លែងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជួយដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ឬពួកភេរវករតែប៉ុណ្ណោះ៕