ផ្ទុះភ្នំភ្លើងឈ្មោះ Merapi នៅប្រទេសឥណ្ឌូណេស៉ី, អាជ្ញាធរណែនាំប្រជាជនចាកចេញឲ្យឆ្ងាយ (Video inside)
21-06-2020 15:15
(ហ្សាការតា)៖ ភ្នំភ្លើង Merapi ដ៏ល្បីឈ្មោះនៅឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ដោយមានសកម្មភាពរយៈពេល ០៧នាទី ខណៈកម្អែរផេះរបស់វា បានជះឡើងលើមេឃកម្ពស់ ៦,០០០ម៉ែត្រឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
Merapi គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មៗបំផុត នៅលើពិភពលោក ដែលស្ថិតនៅព្រំដែននៃខេត្តជ្វា និង Yogyakarta ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។ អាជ្ញាធរបានណែនាំឲ្យប្រជាជនទាំងអស់ ចាកចេញពីជុំវិញតំបន់ភ្នំភ្លើងខាងលើនេះ ក្នុងរយៈចម្ងាយចាប់ពី ៣គីឡូម៉ែត្រឡើងទៅ។
គួរបញ្ជាក់ថា ភ្នំភ្លើងខាងលើនេះ បានផ្ទុះឡើងយ៉ាងខ្លាំងក្លាកាលពីឆ្នាំ២០១០ ដោយបានសម្លាប់មនុស្សជាង ៣០០នាក់ និងបង្ខំឲ្យមនុស្សជាង ២៨០,០០០នាក់ជម្លៀសខ្លួន។ ឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ទើបបណ្តាកោះនៃប្រទេសនេះងាយរងគ្រោះដោយសាររញ្ជួយដី និងបន្ទុះភ្នំភ្លើងបែបនេះ៕