(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូសាន រ៉ាយស៍ (Susan Rice) បាននិយាយថា អ្នកគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងព្រឹទ្ធសភាគួរតែត្រូវបានចាត់ទុកថាជា «គំនរសំរាមប្រវត្តិសាស្ត្រ»។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

លោកស្រី Susan Rice ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នាឱកាសនោះ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា រូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា «ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ គួរតែផ្ដោតជាសំខាន់លើការរារាំងលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត ហើយថាលោក ចូ បៃដិន (Joe Biden) គឺជាមនុស្សម្នាក់គត់​ដែលអាចដោះស្រាយបញ្ហា និងជាអ្នកបង្រួបបង្រួមជាតិឡើងវិញ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោកស្រី Susan Rice ធ្វើឡើងនៅចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា បក្សប្រជាធិបតេយ្យត្រូវបានជំរុញឱ្យតែងតាំងមនុស្សស្រី​ជាអនុប្រធានាធិបតី ហើយលោកស្រីក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះ​បេក្ខជនអនុប្រធានាធិបតីរបស់លោក Joe Biden ផងដែរ នៅក្នុងករណីដែលលោកជាប់ឆ្នោត​ជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕