(វ៉ាស៉ីនតោន)៖ តាមរយៈការស៉ើបទៅលើសកម្មភាពប៉ូលិសអាមេរិក កាលពីកំឡុងបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ដែលផ្ទុះឡើងក្រោយការស្លាប់ របស់ លោក George Floyd សារព័ត៌មានអាមេរិក USA TODAY បានរកឃើញថា ប៉ូលិសមួយចំនួនទំនងជាបានបំពានគោលការណ៍ ស្ថាប័នខ្លួន នៅពេលពួកគេប្រើ «អាវុធមិនបង្កគ្រោះថ្នាក់ដល់ជីវិត» បាញ់ទៅលើក្រុមបាតុករ ដែលភាគច្រើនប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA TODAY នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
យោងតាមការរកឃើញ បាតុករយ៉ាងតិច៥៦នាក់បានរងរបួសធ្ងន់ត្រង់ផ្នែកក្បាល និងផ្ទៃមុខ ហើយមានជាច្រើននាក់ទៀតរងរបួសនៅ ត្រង់ ផ្នែកក ដៃ ជើង ដើមទ្រូង ឆ្អឹងជំនី និងពោះ ជាដើម ដែលសុទ្ធតែបង្កឡើងដោយសារ «អាវុធមិនគ្រោះថ្នាក់ដល់ជីវិត» ដែលប៉ូលិសប្រើប្រាស់ ដើម្បីបង្រ្កាបបាតុកម្ម។ ក៏ប៉ុន្តែអ្នកដែលរងរបួសធ្ងន់ធ្ងរទាំងនោះ ភាគច្រើនជាអ្នកធ្វើសកម្មភាពតវ៉ាដោយសន្តិវិធី។ ក្នុងចំណោមអ្នកទាំងនោះ មានយ៉ាងហោច២០នាក់រងរបួសផ្នែកធ្ងន់ធ្ងរ ហើយរួមមានអ្នកបាត់បង់កែវភ្នែកមួយចំហៀងតែម្តងថែមទៀត។
សាក្សីបានអះអាងថា កម្លាំងប៉ូលិសនៅទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់អាវុធទាំងនោះប្រឆាំងទៅលើក្រុមបាតុករ ដែលពួកគេភាគច្រើនមិនទាំងបានប្រព្រឹត្តអំពើហិង្សាផងនោះ ហើយបាញ់ដោយសំដៅរកមុខ និងនៅចម្ងាយជិតថែមទៀត ខណៈការធ្វើបែបនេះអាចល្មើសនឹង គោលការណ៍នៃការប្រើប្រាស់អាវុធទាំងនោះ។ យ៉ាងណាមិញ ខាងប៉ូលិសបានអះអាងថា ពួកគេប្រើប្រាស់អាវុធទាំងនោះ ក្នុងករណីការពារខ្លួនឯង និង ទ្រព្យសម្បត្តិនានា នៅពេលមានសកម្មភាពចលាចលគ្រោះថ្នាក់។
គួរជម្រាបថា «អាវុធមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត» ដែលប៉ូលិសប្រើប្រាស់ដើម្បីបង្រ្កាបបាតុកម្ម អាចបង្ករបួសធ្ងន់ធ្ងរបានយ៉ាងងាយ ប្រសិន បើបាញ់នៅចម្ងាយកៀកពេក ឬបាញ់សំដៅលើផ្ទៃមុខឬក្បាល៕