(វ៉ាស៉ីនតោន)៖ សេដ្ឋកិច្ចចិនបានបន្តងើបឡើងវិញកាលពីក្នុងខែឧសភា ដោយសារតែ ការចំណាយរបស់ប្រជាជន ខ្សែសង្វាក់ផលិតកម្ម និង ការវិនិយោគក្នុងស្រុក​បានស្ទុះឡើងមកវិញយ៉ាងវិជ្ជមាន ដោយសារតែភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺឆ្លង COVID-19 ក្នុងប្រទេស ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោក អេនឌី រូតមិន (Andy Rothman) ជាអ្នកជំនាញយុទ្ធសាស្រ្តផ្នែកវិនិយោគរបស់ក្រុមហ៊ុនវិនិយោគ Mattews Asia ដែលមានមូលដ្ឋាន នៅទ្រីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ (San Francisco) បានសរសេរនៅក្នុងបទវិភាគរបស់លោក នាពេលកន្លងទៅក្នុងសប្តាហ៍នេះថា នៅពេលគិត ដល់សក្តានុពលសេដ្ឋកិច្ចចិន កត្តាមួយក្នុងចំណោមកត្តាសំខាន់បំផុត គឺថាតើ COVID-19 អាចបន្តស្ថិតនៅក្រោមការគ្រប់គ្រងដែរឬទេ។

លោកបន្ត «នៅខណៈនេះ ដោយសារតែ ការធ្វើតេស្តទ្រង់ទ្រាយធំ ការតាមដានមនុស្សដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ និងការអនុវត្ត គម្លាតសង្គម ក៏ដូចជាការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ប្រទេសចិនហាក់នៅតែបន្តគ្រប់គ្រងវិបត្តិ COVID-19 បាន ដដែល បើទោះបីជាករណីឆ្លងក្នុងអត្រាទាប នៅបន្តត្រូវបានរកឃើញជារៀងរាល់ថ្ងៃក៏ដោយ»

លោក រូតមិន បានកត់សម្កាល់ថា «អាជីវកម្មនៅប្រទេសចិនបាននិងកំពុងបន្តបើកជាបណ្តើរៗ ហើយជិវិតប្រចាំថ្ងៃរបស់ប្រជាជនក៏កំពុងតែ បន្ត វិលត្រឡប់ទៅរក សភាពធម្មតាវិញដែរ ជាមួយការងើបឡើងវិញនៃការលក់រថយន្ត និងលំនៅឋានកាលពីខែឧសភាកន្លងទៅ។ មិនតែ ប៉ុណ្ណោះ ផ្នែកសេវាកម្មម្ហូបអាហារក៏ដូចជាបារ ក៏បានកើនឡើងការលក់ ២៦ភាគរយកាលពីខែមេសា និង ៣១ភាគរយកាលពីខែឧសភា ផងដែរ»។ បើតាមលោក រូតមិន ទាំងអស់នេះ បានឆ្លុះបញ្ជាំងឲ្យឃើញថា ប្រជាជនចិនភាគច្រើនមានទំនុកចិត្តខ្ពស់និងមានលុយកាក់ គ្រប់គ្រាន់ ក្នុងការចំណាយ ដែលជាហេតុធ្វើ៎ឲ្យសេដ្ឋកិច្ចចិនអាចវិលរកសភាពដើម លឿនជាងការព្យាករណ៏។

ខណៈដែលចំនួនអ្នកអត់មានការងារធ្វើនៅតែជាក្តីបារម្ភចម្បងមួយក៏ដោយ ភាពអវត្តមាននៃអសណ្តាប់ធ្នាប់សង្គម និងការងើបឡើងវិញ នៃការចំណាយរបស់ប្រជាជន ហាក់បង្ហាញថា ការគ្រាំទ្ររបស់រដ្ឋាភិបាលចិនចំពោះ អ្នកធ្វើការនិងក្រុមហ៊ុន-អាជីវកម្ម បានជួយមនុស្ស ជាច្រើន ដែលបានបាត់បង់ការងារ និងប្រាក់ចំណូល ហើយផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន។

លោត រូតមិន ក៏បានកត់សម្គាល់ដែរថា ការក្រោកឈរឡើងវិញនៃសេដ្ឋកិច្ចចិននេះ គឺមិនបានទទួលកញ្ចប់ថិវិកាសង្គ្រោះបន្ទាន់នោះទេ ដែលវាបានបង្ហាញពីកំម្លាំងសេដ្ឋកិច្ចចិនដែលអាចងើបឡើងដោយឯកឯង ហើយទុកឱកាសឲ្យរដ្ឋាភិបាលចិន មានលទ្ធិភាពគ្រប់គ្រាន់ ក្នុងករណីដែលសន្ទុះនៃការងើបឡើងវិញមានភាពចុះខ្សោយ។

ស្របពេលដែលសេដ្ឋកិច្ចចិន ប្រែក្លាយជាសេដ្ឋកិច្ចជំរុញដោយតម្រូវការនៅក្នុងស្រុកផ្ទាល់ លោក រូតមិន ជឿថា វិបត្តិសេដ្ឋកិច្ចសកល ដែលអាចនឹងកើតឡើងដោយសារ វិបត្តិ COVID-19 គឺទំនងជាមិនអាចបង្អាក់ដល់ការងើបឡើងនៃសេដ្ឋកិច្ចចិន ដែលកំពុងបន្តប្រព្រឹត្តទៅ យ៉ាងវិជ្ជមាននេះ ឡើយ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ការចំណាយនៅក្នុងស្រុកផ្ទាល់ បានរ៉ាប់រងដល់ទៅ៦០ភាគរយនៃកំណើន GDP របស់ប្រទេសចិន៕