(រ៉ូម)៖ តាមការពិតទៅវីរុសកូរ៉ូណាថ្មី (Novel Coronavirus) ដែលបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ ត្រូវបាន WHO ដាក់ឈ្មោះឲ្យថា COVID-19 មានវត្តមានរួចទៅហើយនៅក្នុងទីក្រុងធំចំនួន ០២ ស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលី តាំងតែពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ ពោលគឺ ២ខែមុននឹងករណីឆ្លងដំបូង ត្រូវបានគេរាយការណ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
ការអះអាងបែបនេះធ្វើឡើង ដោយវិទ្យាស្ថានជាតិសុខាភិបាលអ៉ីតាលី (ISS institute) ដោយសំអាងទៅលើការសិក្សាថ្មីមួយ លើការវិភាគកាកសំណល់ទឹក។ ក្រុមអ្នកស្រាវជា្រវបានរកឃើញសំណាកហ្សែនវីរុសកូរ៉ូណា SARS-CoV-2 នៅក្នុងសំណាកនៃកាកសំណល់ទឹក (ទឹកលូ) ដែលត្រូវបានប្រមូលនៅក្នុងទីក្រុង មីឡេន (Milan) និងទីក្រុង ទួរីន (Turin) នៅចុងឆ្នាំ ២០១៩ និងនៅក្នុងទីក្រុង បូឡូកណា (Bologna) នៅខែមករា ឆ្នាំ២០២០។
ជាលទ្ធផលពួកគេបានរឃើញថា តាមការពិតទៅ វីរុសកូរ៉ូណាថ្មីនេះមានវត្តមានរួចទៅហើយ នៅក្នុងទីក្រុងធំៗចំនួន ០២ ស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលី តាំងតែពីខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ពោលគឺ ២ខែមុននឹងករណីឆ្នាំដំបូង ត្រូវបានរាយការណ៍នៅពាក់កណ្ដាលខែកុម្ភៈ។
គួរជម្រាបថា អ៉ីតាលីគឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលមានករណីឆ្លង COVID-19 នៅក្នុងទីក្រុង ខូដូកណូ (Codogno) នៃតំបន់ឡុមបាឌី (Lombardy) និងជាប្រទេសដំបូងគេលើលោក ដែលបានប្រកាសពីវិធានការបិទប្រទេសទាំងមូល។ COVID-19 បានផ្ដាច់ជីវិតប្រជាជនអ៉ីតាលី ៣៤,៥០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ២៣៨,១៥៩នាក់ និងជាសះស្បើយឡើងវិញ ១៨០,៥៤៤នាក់៕