(ប៊ែរឡាំង)៖ លទ្ធផលដំបូងនៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 ដែលកំពុងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ ឃ្យូរវ៉ាក់ (CureVac) ត្រូវបានគេរំពឹងថា អាចចេញផ្សាយនៅរយៈពេល ០២ខែទៀត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
ក្រុមហ៊ុន CureVac នៅក្នុងសប្ដាហ៍នេះ បានប្រកាសថាលទ្ធផលបឋមដ៏អស្ចារ្យ នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 អាចនឹងត្រូវចេញផ្សាយនៅខែកញ្ញា ឬខែតុលាខាងមុខនេះ នៅក្រោមលក្ខខណ្ឌដ៏គាប់ប្រសើរ ដែលវ៉ាក់សាំង អាចនឹងត្រូវបានអនុម័តយល់ព្រមនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២១។ ការចាប់ធ្វើតេស្ដវ៉ាក់សាំង បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ១៤៤នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយអ្នកទាំងនេះនឹងទទួលបាន កម្រិតវ៉ាក់សាំងផ្សេងៗពីគ្នា។
គួរជម្រាបថា រដ្ឋាភិបាលអាល្លឺម៉ង់ ក៏ធ្លាប់បានបញ្ជាក់ផងដែរនៅក្នុងសប្ដាហ៍នេះថា ខ្លួនមានគម្រោងទិញភាគហ៊ុន ២៣ភាគរយ នៅក្នុងក្រុមហ៊ុន CureVac ក្នុងតម្លៃ ៣៣៦.៤លានដុល្លារ។ ក្រុមហ៊ុន CureVac នេះក៏ធ្លាប់ត្រូវបានប្រធានាធិបតីអាមេរិក គ្រោងចរចាសុំទិញផងដែរ ដើម្បីបានសិទ្ធិផ្តាច់មុខលើវ៉ាក់សាំង COVID-19 កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយសារតែលោក ត្រាំ បានមើលឃើញពីសក្តានុពលខ្ពស់ជាងគេ ប៉ុន្តែដោយសាររងការរិះគន់ និងបដិសេធពីអាល្លឺម៉ង់ ទើបគំនិតនេះបានផុតរលត់ទៅវិញ៕