(សេអ៊ូល)៖ ស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េ បានឡើងកម្ដៅជាអតិបរមានៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង និងប្រកាសដាក់ពង្រាយកងទ័ពទៅកាន់តំបន់សេដ្ឋកិច្ចពិសេសកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយ ព្រំដែន។ ការសម្រេចចិត្តធ្វើបែបនេះ ត្រូវបានទីក្រុងព្យុងយ៉ាង អះអាងថាជាការចាត់វិធានការបឋមឆ្លើយតបទៅនឹងបរាជ័យរបស់ទីក្រុងសេអ៊ូល ក្នុងការបញ្ឈប់ ក្រុមសកម្មជនកូរ៉េខាងជើង ដែលរត់ទៅរស់នៅកូរ៉េខាងត្បូង កុំឱ្យបង្ហោះខិត្តប័ណ្ណប្រឆាំង ប្រមាថ និងរិះគន់មេដឹកនំាកូរ៉ខាងជើង លោក គីម ជុងអ៊ុន។

ប៉ុន្តែ ទន្ទឹមគ្នានឹងភាពតានតឹងនេះ អ្នកនយោបាយកូរ៉េខាងជើងវ័យក្មេងម្នាក់ គឺជាអ្នកនាង គីម យូចុង បែរជាត្រូវបានគេមើលឃើញថាមានអំណាច និងតួនាទីរឹតតែធំ នៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកូរ៉េខាងជើងទៅវិញ។ កាលពីសប្ដាហ៍មុន អ្នកនាង គីម យូចុង បានចេញសេចក្ដីថ្លែងការណ៍ព្រមានប្រើប្រាស់កម្លាំងយោធាប្រឆាំង កូរ៉េខាងត្បូង ដោយប្រើឈ្មោះអ្នកនាងផ្ទាល់ មិនមានឈ្មោះបងប្រុសរបស់អ្នកនាង គឺលោក គីម ជុងអ៊ុន នោះឡើយ ធ្វើឱ្យអ្នកជំនាញខ្លះយល់ថាស្ត្រីវ័យក្មេងរូបនេះ មានតួនាទីរឹតតែធំនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកូរ៉េខាងជើង ក្រោមការជួយជ្រោមជ្រែងពីលោក គីម។

*តើអ្នកនាង គីម យូចុង មានអំណាចធំប៉ុណ្ណា?

តាមការពិតទៅ គេពិបាកវាស់ស្ទង់ណាស់ថាតើអ្នកនាង គីម យូចុង មានអំណាចដល់កម្រិតណាឱ្យប្រាកដ បើទោះជាអ្នកជំនាញខ្លះចាត់ទុកស្រី្តវ័យ៣២ឆ្នាំរូបនេះ ជាបងធំទី២ នៅកូរ៉េខាងជើងក៏ដោយ។ អ្នកនាង គីម យូចុង ដែលបច្ចុប្បន្នជាសមាជិកជំនួសនៃការិយាល័យនយោបាយគណបក្សពលករកូរ៉េខាងជើង ផងនោះ បាន ចាប់ផ្ដើមលេចត្រដែតឡើង នៅលើឆាកនយោបាយអន្តរជាតិជាលើកដំបូង បន្ទាប់ពីដឹកនាំប្រតិភូអត្តពលិកកូរ៉េខាងជើង ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ កាលពីឆ្នាំ២០១៨ ជាពេលដែលអ្នកនាងក្លាយជាសមាជិកគ្រួសារត្រកូលគីម ដំបូងបំផុត ដែលបានយកជើងជាន់ដីកូរ៉េខាងត្បូង។ អ្នកនាង ក៏បានអមដំណើរបងប្រុសគឺ លោក គីម ជុងអ៊ុន ចូលរួមជាបន្តបន្ទាប់ក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីនផងដែរ។

នៅក្នុងខែមិថុនានេះ អ្នកនាង គីម យូចុង បានលេចមុខសាជាថ្មី ជាមួយតួនាទីរឹតតែធំនៅក្នុងកិច្ចការទំនាក់ទំនងអន្តរកូរ៉េ តាមរយៈការចេញសេចក្ដីថ្លែងការណ៍ព្រមាន ដោយប្រើឈ្មោះអ្នកនាងផ្ទាល់ មិនមានឈ្មោះលោក គីម ជុងអ៊ុន នោះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ អ្នកនាងបានព្រមានប្រើប្រាស់កម្លាំងយោធា, កាត់ផ្ដាច់ខ្សែ ទូរស័ព្ទបន្ទាន់ជាមួយកូរ៉េខាងត្បូង និងដាក់ពង្រាយកងទ័ពទៅកាន់តំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ដើម្បីជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណ ប្រមាថ និងរិះគន់ លោក គីម ជុងអ៊ុន តាមបាឡុងចូលក្នុងទឹកដីកូរ៉េខាងជើង។ លើសពីនេះទៅទៀត អ្នកនាង គីម យូចុង ក៏បានព្រមានកូរ៉េខាងត្បូងផងដែរ ពីការដួលរលំអគារ ការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី១៦ ខែមិថុនានេះ ស្រាប់តែទីក្រុងព្យុងយ៉ាង បំផ្ទុះកម្ទេចចោលអគារនេះតែម្ដងដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានចូលរួមវិភាគទានសាងសង់ជិត ៨លានដុល្លារ។

*អនាគត់ជាមេដឹកនាំកូរ៉េខាងជើង?

ការសន្និដ្ឋានថាអ្នកនាង គីម យូចុង អាចនឹងក្លាយជាអ្នកបន្តវេនរបស់លោក គីម ជុងអ៊ុន បានកើតឡើងជាបន្តបន្ទាប់ ក្រោយលោក គីម បាត់ខ្លួនយ៉ាងអាថ៌កំបាំង រយៈពេលជិត១ខែ កាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ។ បើតាមក្រុមអ្នកជំនាញ អ្នកនាង គីម យូ ចុង ធ្លាប់ចំណាយពេលជាច្រើនឆ្នាំ រស់នៅជាមួយបងប្រុស គឺលោក គីម ជុងអ៊ុន នៅក្នុងប្រទេសស្វីស ហើយអ្នកទាំង២ មានម្ដាយតែមួយដូចគ្នា។ ទាញចេញពីទំនាក់ទំនងដ៏ជិតស្និទនេះ លោក John Park ជានាយកគម្រោងកូរ៉េ នៃសាលា Harvard Kennedy School យល់ថាវាអាចជាមូលហេតុដែលអ្នកនាង គីម យូចុង មានតួនាទីកាន់តែសំខាន់នៅក្នុងគណបក្សពលករ និងរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំកូរ៉េខាងជើង។

ដោយឡែក ជុំវិញបញ្ហានេះដែរ លោក Lim Jae-cheon ជាសាស្ត្រាចារ្យសិក្សាពីកូរ៉េខាងជើង មកពីសាកលវិទ្យាល័យ Korea University បានសង្កត់ធ្ងន់ថា លោក គីម ជុងអ៊ុន ប្រហែលជាកំពុងរៀបចំជើងព្រួលទុកឱ្យហើយ ដោយចង់ឱ្យប្អូនស្រីរបស់លោក មានអំណាចគ្រប់គ្រាន់អាចដឹកនាំប្រទេសជាបណ្ដោះអាសន្ន ក្នុងករណី មានហេតុការណ៍អាក្រក់ណាមួយកើតឡើងចំពោះរូបលោក រហូតទាល់តែកូនប្រុសរបស់លោកធំពេញវ័យអាចកាន់ការប្រទេសជាតិបាន។ ក្រៅពីអ្នកនាង គីម យូចុង លោក គីម ជុងអ៊ុន នៅមានបងប្រុស រួមម្ដាយម្នាក់ទៀតឈ្មោះ គីម ជុងចុល និងពូបង្កើតគឺលោក គីម ព្យុង អ៊ីល ប៉ុន្តែអ្នកទាំងពីរនេះ ត្រូវបានគេមើលឃើញថា មិន មែនជាជម្រើសរបស់លោក គីម ជុងអ៊ុននោះទេ។

ជាទម្លាប់ធម្មតា នៅកូរ៉េខាងជើង ការផ្ទេរអំណាចបីជំនាន់មកនេះគឺធ្វើឡើងពីឪពុកទៅកូន ហើយលោក គីម ជុងអ៊ុន ច្បាស់ណាស់មុខជាចង់ឱ្យកូនប្រុសរបស់លោក ស្នងតំណែងបន្តជាមិនខាន។ ប៉ុន្តែ ដោយសារតែកូនប្រុសច្បងមានវ័យក្មេងពេក ដូច្នេះលោក គីម ប្រហែលជាត្រូវការមនុស្សណាម្នាក់ដែលលោកទុកចិត្តបានបំផុត សម្រាប់ជួយជ្រោមជ្រែង និងរក្សាអំណាចទុកឱ្យកូនប្រុស។ លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាមានកូនបីនាក់ ប្រុស២ និងស្រីម្នាក់ ហើយកូនប្រុសច្បង មានអាយុ១០ឆ្នាំ។

*តើមនុស្សស្រី អាចធ្វើជាមេដឹកនាំកូរ៉េខាងជើង ដែរទេ?

ចាប់តាំងពីកូរ៉េខាងជើង ត្រូវបង្កើតឡើងនៅឆ្នាំ១៩៤៨មក ឬក្រោមការដឹកនាំរបស់គ្រួសារគីម បីជំនាន់មកនេះ មេដឹកនាំកូរ៉េខាងជើង សុទ្ធតែជាមនុស្សប្រុសរាប់ចាប់ពី លោក គីម អ៉ីលស៊ុង, គីម ជុងអ៉ីល និងចុងក្រោយគឺលោក គីម ជុងអ៊ុន។ ដូច្នេះអ្នកនាង គីម យូចុង អាចនឹងជួបឧបសគ្គធំ នោះគឺត្រង់ថាតើមន្ត្រីជាន់ខ្ពស់ដ៏ទៃដែល សុទ្ធសឹងជាមនុស្សមានវ័យចំណាស់ និងប្រជាជនកូរ៉េខាងជើងទាំងមូល អាចនឹងទទួលយកមនុស្សស្រីធ្វើជាមេដឹកនាំដែរឬទេ?

នៅក្នុងរបបដឹកនាំគ្រួសារគីម បីជំនាន់មកនេះ មេដឹកនាំគឺជាមនុស្សប្រុសទាំងអស់ ហើយលោក គីម ជុងអ៊ុន ក៏មិនចង់ធ្វើខុសពីប្រពៃណីនេះដែរ ប៉ុន្តែជាជម្រើសដើម្បី ទុកអំណាចឱ្យកូន អ្នកនាងគីម យូចុង ប្រហែលជាមនុស្សម្នាក់ដែលលោកអាចទុកចិត្តបាន បើទោះជាវារឿងប្រថុយប្រថានក៏ដោយ។ ម្យ៉ាងវិញទៀត នៅកូរ៉េខាងជើង មានតែសាច់ឈាមគ្រួសារគីមប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើជាមេដឹកនាំ ពីព្រោះឈាមរបស់ពួកថាគឺជាឈាមដ៏ពិសិដ្ឋ ដែលចាប់កំណើតនៅដែនដីដ៏ពិសិដ្ឋភ្នំ Paektu។

តែទោះជាយ៉ាងនេះក្ដី ផ្អែកលើឈាមជ័រគ្រួសារគីម លោក Jung-Chul Lee ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Soongsil University យល់ថាគេមិនអាច បដិសេធទាំងស្រុងពីលទ្ធភាពដែលអ្នកនាង គីម យូចុង អាចក្លាយជាមេដឹកនាំកូរ៉េខាងជើងនោះទេ។ លោក Lee បានគូសបញ្ជាក់ដូច្នេះថា៖ «អ្វីដែលសំខាន់នៅ កូរ៉េខាងជើង មិនមែនថាអ្នកបន្តវេនជាមនុស្សប្រុស ឬស្រីនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកបន្តវេន ត្រូវតែមានឈាមជ័រគ្រួសារគីម»៕

ប្រភព៖ BBC (ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០)