រដ្ឋមន្ត្រីការបរទេសអាមេរិកហៅលោក ចន បូលតុន ថា «មនុស្សក្បត់» (Video inside)
19-06-2020 15:29
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានហៅអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន ថាជា «មនុស្សក្បត់» ដែលចោទថាលោក ដូណាល់ ត្រាំ មិនសក្តិសមធ្វើជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «វាគឺជារឿងគួរឱ្យសោកសៅ និងគ្រោះថ្នាក់ ដែលតួនាទីជាសាធារណៈចុងក្រោយរបស់លោក ចន បូលតុន ត្រឹមជាមនុស្សក្បត់ម្នាក់ ដែលបានបំផ្លាញសហរដ្ឋអាមេរិក តាមរយៈការបំពានលើទំនុកចិត្តរបស់លោក ជាមួយប្រជាជនខ្លួនឯង»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ កើតមានឡើងក្រោយ កាសែតអាមេរិក New York Times បានចេញផ្សាយនួវសម្រង់សំណេរមួយ នៃអត្ថបទ ចេញពីសៀវភៅ «The Room Where It Happened» របស់លោក បូលតុន ដែលអះអាងថា លោកបានទទួលកំណត់ហេតុមួយពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឆ្នាំ២០១៨។
បើតាមលោក បូលតុន នៅក្នុងកំណត់ហេតុនេះលោក ប៉ុមប៉េអូ បាននិយាយថា លោក ត្រាំ គឺជា «មនុស្សឡប់និយាយមិនដឹងអី»។ មិនតែប៉ុណ្ណោះ លោក ប៉ុមប៉េអូ ក៏ធ្លាប់បាននិយាយពីក្រោយខ្នងដែរថា ការទូតដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង របស់លោក ដូណាល់ ត្រាំ គឺមិនជោគជ័យឡើយ៕