(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមមួយស្តីពីកិច្ចការហុងកុង ដែលបានចេញដោយរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 កាលពីថ្ងៃពុធកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនារសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងកាបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នាឱកាសនោះលោក ចាវ បានគូសបញ្ជាក់ថា «ប្រទេសចិនសូមក្រើនរំលឹកម្តងហើយម្តងទៀតថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឲ្យភាគីរដ្ឋាភិបាល ឬអង្គការបរទេសណាមួយជ្រៀតជ្រែកនោះឡើយ»។
ជាមួយគ្នានោះ អ្នកតំណាងកិច្ចការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា «ការសម្រេចចិត្តរបស់សមាជប្រជាជនចិន និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិ ធ្វើឡើងមានគោលដៅសំខាន់ ប្រឆាំងសកម្មភាពទាំងឡាយណាដែលចង់បំបែកទីក្រុងហុងកុងចេញពីចិន ឬប្រឆាំងនឹងអំពើហិង្សាណា ដែលគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់របស់ទីក្រុងហុងប៉ុណ្ណោះ... ការបង្កើត និងកែលំអរប្រព័ន្ធច្បាប់ និងយន្តការអនុវត្តសម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង គឺការធានាការពារសន្តិសុខជាតិ ដែលអនុឡោមទៅតាមកិច្ចព្រមព្រៀងប្រទេសមួយប្រព័ន្ធពីរ»។
គួរជម្រាបថា ជុំវិញគម្រោងអនុម័តច្បាប់ស្តីពីសន្តិជាតិនៅហុងកុងនេះ វាបានបង្កជាក្តីបារម្ភជាខ្លាំងពីសំណាក់បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខគេ G7។ សម្រាប់ G7 ដែលរួមានដូចជា អាមេរិក, អាល្លឺម៉ង់, អង់គ្លេស, បារាំង, ជប៉ុន, អ៊ីតាលី និងកាណាដា ច្បាប់សន្តិសុខជាតិដែលបាននិងកំពុងដាក់ឲ្យពិភាក្សានៅក្នុងសភាប្រជាជនចិន ចាប់ពីថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ គឺជាការគំរាមកំហែងដល់សិទ្ធិមនុស្សជាមូលដ្ឋាន និងស្វ័យភាពរបស់ហុងកុង៕