(ប៉េកាំង)៖ នៅចំពោះមុខនៃការផ្ទុះឡើងជាថ្មីនៃករណីឆ្លង COVID-19 អាជ្ញាធរក្រុងប៉េកាំងបានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរឹតត្បិត និងគ្រប់គ្រងលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
យោងតាមលោក ប៉ាន់ ស៊ូហុង (Pan Xuhong) អនុប្រធាន និងជាអ្នកនាំពាក្យការិយាល័យសន្តិសុខសាធារណៈ នៃក្រុងប៉េកាំងបានឲ្យដឹងថា ប្រជាជនបីក្រុមនឹងមិនអនុញ្ញាតចាកចេញពីទីក្រុងឡើយ។ ក្រុមទី១ រួមមានអ្នកជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់, អ្នកដែលមានប្រវត្តិធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ, អ្នកមានជំងឺគ្រុនក្តៅ និងករណីសង្ស័យ។ ក្រុមទី ២ គ្របដណ្តប់លើអ្នកដែលបានទៅផ្សារកសិដ្ឋានលក់ដុំ ស៊ីនហ្វាទី (Xinfadi) ឬមានអ្នកដែលធ្លាប់មានទំនាក់ទំនង នឹងបុគ្គលិកក្នុងផ្សារនោះរាប់ចាប់តាំងពីថ្ងៃទី៣០ ខែឧសភាមក។ ចំណែកឯក្រុមទី ៣ វិញគឺប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដែលមានហានិភ័យមធ្យម និងខ្ពស់ជុំវិញនោះ។
គួរជម្រាបថា ក្រោយពីមានការផ្ទុះឡើងនៃការឆ្លងរាតត្បាត COVID-19 នៅឯផ្សារលក់ដុំមួយកន្លែងក្នុងទីក្រុងប៉េកាំង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញថា ករណីឆ្លងក្នុងស្រុកចិនបានកើនឡើងសារជាថ្មី ក្រោយពីស្ងប់ស្ងាត់ជិតពីរខែមកនេះ។ រាប់ចាប់តាំងពីថ្ងៃទី ១១ ដល់ទី ១៧ ខែមិថុនានេះ ក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងថ្មី រហូតដល់ ១៥៨នាក់៕