Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនប្រកាស៖ «យើងគ្មានបំណងលូកដៃ ចូលក្នុងការបោះឆ្នោតអាមេរិកឡើយ»

18-06-2020 16:42

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះបានប្រកាសថា ខ្លួនគ្មានបំណងលូកដៃ ឬជៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង និងជាការឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាននានា ពាក់ព័ន្ធនឹងការការអះអាងរបស់ អតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន ដែលថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ស្នើឱ្យសុំជំនួយពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដើម្បីឲ្យលោកអាចជាប់ឆ្នោតមួយអាណត្តិទៀត។

បើតាមសំណេរមួយដកស្រង់ចេញពីសៀវភៅរបស់លោក John Bolton មានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ ការស្នើសុំជំនួយខាងលើ កើតមានឡើងនៅក្នុងកិច្ចប្រជុំមួយរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នាឱកាសមេដឹកនាំទាំង ២ ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងជំនួបជាមួយលោក ស៊ី លោក ត្រាំ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាកសិករអាមេរិក និងការបង្កើនការទិញផលិតផលកសិកម្ម ដូចជាសណ្ដែកសៀងជាដើម នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចនឹងជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត។ បន្ថែមពីលើនេះ នៅពេលប្រធានាធិបតីចិន យល់ព្រមបើកកិច្ចពិភាក្សា លើការបង្កើនការទិញផលិតផលកសិកម្មអាមេរិកជាអាទិភាព លោក ត្រាំ ថែមទាំងបានហៅលោក ស៊ី ថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់នៅក្នុង ប្រវត្តិសាស្ត្រចិនទៀតផង។

ប៉ុន្តែតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីសឺ (Robert Lighthizer) បានអះអាងថា ការស្នើសុំជំនួយពីលោក ស៊ី ជិនពីង បែបនេះគឺមិនធ្លាប់កើតឡើងឡើយ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងមិនឱ្យសៀវភៅនេះ ត្រូវចុះផ្សាយ៕