(ម៉ានីល)៖ មហាសេដ្ឋីជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសហ្វីលីពីន គឺលោក Eduardo Cojuangco ទើបបានទទួលមរណភាពនៅអាយុ ៨៥ឆ្នាំ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
លោក Cojuangco គឺជាជាប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏ធំបំផុតរបស់ហ្វីលីពីន សានមីហ្គែល (San Miguel) ដែលដំណឹងមរណភាពរបស់លោក ទើបតែត្រូវបានប្រកាសឲ្យដឹងជាផ្លូវការ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន San Miguel នាថ្ងៃពុធនេះ។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ក៏បានផ្ញើសាររំលែកទុកទៅកាន់សមាជិកគ្រួសារត្រកូល Cojuangco ផងដែរ។
លោក Roque បានលើកឡើងថា តាមរយៈក្រុមហ៊ុន សានមីហ្គែល ដ៏ធំនេះ លោក Cojuangco បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន។ ក្រុមហ៊ុន សានមីហ្គែល មានបណ្តាញប្រតិបត្តិការក្នុងវិស័យ ម្ហូបអាហារ ភេសជ្ជៈ ថាមពល ចម្រាញ់ប្រេង និង ហេដ្ឋារចនាសម្ព័ន្ធ។
លោក Cojuangco គឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ហើយនរណាៗក៏ស្គាល់ដែរក្នុងសហគមន៏អ្នកជំនួញនៅក្នុងប្រទេសហ្វីលីពីន។ លោកបានដឹកនាំ ក្រុមហ៊ុន សានមីហ្គែល ដែលជាក្រុមហ៊ុនផលិតម្ហូបអាហារនិងភេសជ្ជៈធំជាងគេនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ១៩៩៨មក។ ក្រៅពីការដឹកនាំ ក្រុមហ៊ុន សានមីហ្គែល លោកក៏បានធ្វើជាប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុនដែលចុះបញ្ជីជាសាធារណៈមួយចំនួនថែមទៀតផង។
គួរជម្រាបថា លោក Cojuangco ក៏ធ្លាប់ប្រលូកក្នុងនយោបាយដែរ។ គាត់បានកាន់តំណែងជាអភិបាល ខេត្តតាឡាក់ (Tarlac) កាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ១៩៩២ ប៉ុន្តែទទួលបរាជ័យ៕