(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបាននិយាយាថា ការរិះគន់របស់កូរ៉េខាងជើង ទៅលើលោកប្រធានាធិបតី Moon Jae-in កាលពីពេលថ្មីៗកន្លងទៅនេះ គឺជា «រឿងមិនសមហេតុផលទាល់តែសោះ» ហើយថែមទាំងបានព្រមានថា ខ្លួននឹងមិនអាចទទួលយកឥរិយាបទ ដែលមិនសមហេតុផលរបស់កូរ៉េខាងជើងបន្តទៀតឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ដែលចេញពីវិមានប្រធានាធិបតីកូរ៉េខាងត្បូងខាងលើនេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះអគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលជានិមត្តិសញ្ញាបង្រួបបង្រួម និងឯកភាពរវាងប្រទេសជិតខាងទាំងពីរ។
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Do-han បាននិយាយថា ការរិះគន់មកលើ លោកប្រធានាធិបតី Moon Jae-in ពីសំណាក់ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺ អ្នកនាង គីម យូចុង (Kim Yo Jong ) គឺមិនសមរម្យ និងមិនសមហេតុផលទាល់តែសោះ ហើយការិះគន់នេះទៀតសោត គឺវាបានបំផ្លាញទំនុកចិត្តជាមូលដ្ឋាន ដែលបានបង្កើតឡើងដោយមេដឹកនាំរបស់ប្រទេសទាំងពីរ។
លោក Moon បានស្នើបញ្ជូនទីប្រឹក្សាសន្តិសុខ និងប្រមុខចារកម្មរបស់ខ្លួនទៅកូរ៉េខាងជើង ក្នុងនាមជាប្រេសិតពិសេសដើម្បីបន្ធូរបន្ថយ ភាពតានតឹង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប៉ុន្តែត្រូវបានភាគីកូរ៉េខាងជើងបដិសេធយ៉ាងដាច់អហង្ការ ហើយថែមទាំងបានចាត់ទុក ទង្វើនេះថាជា សំណើរដែលខ្វះការពិចារណា និងបង្កប់គំនិតអាក្រក់ថែមទៀតផង បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA។
គួរបញ្ជាក់ថា ភាពតានតឹងឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ បានកើតមានឡើងបន្ទាប់ក្រុមជនជាតិកូរ៉េខាងជើង ដែលរត់មករស់ នៅខាង កូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាបង្ហោះខិតបណ្ណនៅតាមព្រំដែន ដើម្បីសម្តែងការប្រឆាំងចំពោះលោក គីម ជុងអ៊ុន។ ប្រការនេះក៏បានធ្វើ ឲ្យកូរ៉េខាងជើងខឹងសម្បារ និងទាមទារឲ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មក្រុមនោះជាបន្ទាន់ ប៉ុន្តែកូរ៉េខាងត្បូងហាក់មិនបានចាត់វិធានការ ដែលកូរ៉េខាងជើងអាចទទួលយកបាននោះឡើយ៕