(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយកូរ៉េខាងត្បូង យ៉ាងជិតស្និទ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះកម្ទេចអាគារការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរចោលចំពោះមុខស្ថានការណ៍កាន់តែក្តៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានដឹងថាកូរ៉េខាងជើងបានបំផ្លាញអគារ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក្នុងទីក្រុង Kaesong ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់យើង»។
ការិយាល័យទំនាក់ទំនង រវាងប្រទេសកូរ៉េទាំងពីរខាងលើនេះ ត្រូវបានបើកដំណើរការកាលពីឆ្នាំ២០១៨ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពេញម៉ោងដំបូង និងដោយផ្ទាល់រវាងប្រទេសទាំងពីរ។ វាត្រូវបានបើកដំណើរការ នៅពេលដែលលោក គីម ជុងអ៊ុន និងលោក មូន ចេអ៉ីន បានរៀបចំកិច្ចប្រជុំប្រកប ដោយសុទិដ្ឋិនិយម ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអាចទៅរួចកាន់តែទូលំទូលាយនាកាលណោះ។
ប៉ុន្តែ ស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បានឡើងកម្ដៅខ្លាំង បន្ទាប់ពីកូរ៉េខាងជើង បានកាត់ផ្ដាច់ទំនាក់ទំនង និងខ្សែទូរស័ព្ទ បន្ទាន់ក្នុងទីក្រុង Kaesong ជាមួយកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការបណ្តែតបណ្តោយរបស់កូរ៉េខាងត្បូង ឲ្យជនជាតិកូរ៉េខាងជើងដែលកំពុងរស់នៅ និរទេសក្នុងទឹកដីកូរ៉េខាងត្បូង ធ្វើសកម្មភាពបង្ហោះខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងនៅតាមព្រំដែន។ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះក៏បានព្រមានប្រើកម្លាំង យោធាផងដែរ បើរឿងបែបនេះនៅតែកើតឡើង៕