(ប៉េកាំង)៖ យោធាចិន បានស្នើឱ្យភាគីឥណ្ឌា បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងបង្ករឿងប្រឆាំងនឹងចិន ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយ ការខ្វែងគំនិតគ្នារវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
ការអំពាវនាវខាងលើធ្វើឡើងដោយអ្នកនាំពាក្យទីបញ្ជាការយោធាចិនភូមិភាគខាងលិច លោក Zhang Shuli ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារនេះ និងតែប៉ុន្មានម៉ោង ប៉ុណ្ណោះក្រោយឥណ្ឌាអះអាងថាកងទ័ពរបស់ខ្លួនចំនួន ០៣នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយប្រាវជាមួយកងទ័ពចិន នៅឯតំបន់ជម្លោះព្រំដែន។ ប៉ុន្តែ អ្នកនាំពាក្យ រូបនេះមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា ខាងយោធាចិនមានអ្នករងរបួស ឬស្លាប់ដែរឬក៏អត់ឡើយ។
គួរបញ្ជាក់ថា ភាពតានតឹងបានបន្តកើនឡើងនៅតំបន់ជួរភ្នំហិម៉ាល័យ តាមបណ្តោយព្រំដែនគោកដ៏វែងបំផុតមួយនៅលើលោក ចាប់តាំងពីខែមុនមក ដោយទីក្រុងញូដេលី និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ។ តំបន់ខ្សែបន្ទាត់ព្រំដែន គឺមានបញ្ហាជម្លោះយ៉ាងអូសបន្លាយជាយូរណាស់មកហើយ ហើយបានបង្កឲ្យមាន ការប៉ះទង្គិចគ្នាតិចតួចដោយអាវុធ និងជម្លោះការទូតជាបន្តបន្ទាប់រហូតមក ចាប់តាំងតែពីប្រទេសជិតខាងទាំងពីរ បានប្រយុទ្ធបង្ហូរឈាមគ្នាកាលពីឆ្នាំ១៩៦២៕