(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពភា្លមៗ បើសិនជាកូរ៉េខាងត្បូងនៅតែបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណ ឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។
២៖ ខាងយោធាឥណ្ឌានាថ្ងៃអង្គារនេះបានឲ្យដឹងថា កងទ័ពឥណ្ឌាចំនួន ០៣នាក់បានបាត់បង់ជីវិត ក្នុងការប្រឈមមុខដាក់គ្នាមួយប្រាវជាមួយកងទ័ពចិន នៅបណ្តោយព្រំដែននៃប្រទេសទាំងពីរ ម្តុំជួរភ្នំហិម៉ាល័យ។
៣៖ ប្រទេសកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានបំផ្ទុះអគារការិយាល័យ ដែលជាកន្លែងមន្ត្រីកូរ៉េខាងជើង និងកូរ៉េខាងត្បូង តែងជួបពិភាក្សាគ្នា និងធ្វើទំនាក់ទំនងគ្នាកន្លងទៅនេះចោលតែម្តង ដើម្បីជាសញ្ញាបង្ហាញថា ខ្លួនមិនពេញចិត្តកាន់តែខ្លាំងចំពោះកូរ៉េខាងត្បូង បន្ថែមពីលើការគំរាមប្រើយោធាដោះស្រាយបញ្ហា។
៤៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បានគូសបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តបញ្ឈប់ផែនការ ដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល អេជីសអាហ្ស័រ (Aegis Ashore) របស់អាមេរិកវិញ ដោយបានលើកឡើងពីហេតុផលនៃការចំណាយ និងបញ្ហាបច្ចេកទេស។
៥៖ អាជ្ញាធរសុខាភិបាលក្រុងប៉េកាំងនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ រដ្ឋធានីប៉េកាំងបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៧ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទករណីឆ្លងក្នុងស្រុកទាំងអស់។
៦៖ បេសកកម្មបាញ់បង្ហោះផ្កាយរណបចុងក្រោយ សម្រាប់ការដាក់ពង្រាយបណ្តាញផ្កាយរណប នៃប្រព័ន្ធផ្កាយរណបសម្រាប់សម្រួលវិស័យនាវាចរ ប៉ីតូវ (BeiDou) ឬហៅកាត់ថា BDS ត្រូវបានពន្យារពេលហើយ ដោយសារតែបញ្ហាមួយចំនួន៕