(ញូយ៉ក)៖ អត្ថបទវិភាគមួយរបស់កាសែត New York Times បានលើកឡើងថា អង្គការសុខភាពពិភពលោក WHO នៅតែជា «ក្តីសង្ឈឹមល្អបំផុតរបស់ពិភពលោក» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
ក្រោមអត្ថបទមួយដែលមានចំណងជើងថា «កុំចាកចេញពី WHO តែត្រូវពង្រឹងអង្គការនេះ» ចុះផ្សាយដោយកាសែត New York Times កាលពីថ្ងៃចុងសប្តាហ៍មុន បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលពិភពលោកកំពុងប្រយុទ្ធនឹងជំងឺរាតត្បាត ដ៏ធ្ងន់ធ្ងរបំផុតប្រចាំសតវត្សរ៍នេះ សហរដ្ឋអាមេរិកឯណោះវិញបែរជា កំពុងស្ថិតក្នុងដំណើរការដកខ្លួនចេញពីអង្គការអន្តរជាតិតែមួយគត់ ដែលមានតួនាទីឈានមុខគេ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះទៅវិញ»។
អត្ថបទដដែលនេះបានបន្តថា ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីអង្គការសុខាពិភពលោក នឹងធ្វើឲ្យសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោកទាំងមូល កាន់តែស្ថិតក្នុងស្ថានភាពអាក្រក់ឡើង នៅចំពោះជំងឺរាតត្បាតសកល COVID-19។ ជាមួយគ្នានេះកាសែតអាមេរិកមួយនេះ បានសង្កត់ធ្ងន់ទៀតថា «មានតែតាមរយៈអង្គការសុខភាពពិភពលោកប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រអាមេរិក អាចធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីមើលឃើញពីការឆ្លើយតបរបស់ប្រទេសនេះតាំងពីដំបូងទី»។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរបស់លោកកំពុង «បញ្ចប់» ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក (WHO)។ ការលើកឡើងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានផ្ញើលិខិតមួយ ទៅកាន់ប្រមុខដឹកនាំ WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយែសឹស (Tedros Adhanom Ghebreyesus) ថា អាមេរិកនឹងផ្អាកជាបណ្តោះអាសន្ននូវការផ្តល់វិភាគទានដល់អង្គការមួយនេះ។ មិនតែប៉ុណ្ណោះមហាអំណាចលេខ ១ លើលោកមួយនេះ ថែមទាំងបានគំរាមដកសមាជិកភាពរបស់ខ្លួន ចេញពីអង្គការមួយនេះទៀតផង ក្រោមហេតុផលថា WHO ធ្វើការមិនបានល្អ និងមាននិន្នាការទៅរកចិន។
បច្ចុប្បន្នសហរដ្ឋអាមេរិក ជាអ្នករងគ្រោះធ្ងន់ជាងគេបំផុតដោយសារតែជំងឺ COVID-19 ជាមួយនិងករណីឆ្លងសរុបជាង ២.១លានករណី ក្នុងនោះស្លាប់ជាង ១១៨ពាន់នាក់ និងជាសះស្បើយឡើងវិញជិត ៨៩០ពាន់នាក់៕