ក្រោយរួចផុតជីវិតពី COVID-19 បុរសចំណាស់ម្នាក់នៅអាមេរិកចង់គាំងបេះដូង ពេលឃើញវិក័យបត្រថ្លៃព្យាបាលជំងឺ (Video inside)
15-06-2020 21:41
(អាមេរិក)៖ បន្ទាប់ពីចំណាយពេលប៉ុន្មានខែ ដើម្បីសម្រាកព្យាបាលជំងឺ COVID-19 នៅឯមន្ទីរពេទ្យទំនើបឈ្មោះថា Swedish Medical Cente ក្នុងទីក្រុង Issaquah ក្បែរទីក្រុង Seattle លោក Michael Flor អាយុ៧០ឆ្នាំ បានគិតទុកជាមុនថា វាច្បាស់ជានឹងមានតម្លៃថ្លៃពុំខាន ប៉ុន្តែនៅពេលទទួលវិក័យបត្រជាក់ស្តែង គឺលោកនឹកស្មានមិនដល់ឡើយ។ នេះបើតាមការចេញផ្សាយដោយវែបសាយទស្សនាវដ្តី Time នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
លោក Michael Flor បានចំណាយពេល៦២ថ្ងៃ ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយកំឡុងពេលនោះ ស្ថានភាពរបស់លោកបានឈានដល់ កម្រិតធ្ងន់ធ្ងរជាទីបំផុត រហូតដល់ថ្នាក់គ្រួសារលោកបានហៅទូរស័ព្ទពីចម្ងាយ ដើម្បីនិយាយពាក្យលាជាចុងក្រោយថែមទៀតផងដែរ ប៉ុន្តែ នៅទីបំផុតស្ថានភាពលោកក៏ស្រាប់តែបានប្រសើរឡើងវិញ ហើយអាចចាកចេញពីមន្ទីរពេទ្យបានកាលពីកំឡុងដើមខែឧសភាកន្លងទៅ។
លោក Flor បាននិយាយថា ទោះដឹងមុនថាថ្លៃស្នាក់នៅព្យាបាលនៅទីនោះវាថ្លៃក៏ដោយ នៅពេលលោកបានឃើញតួលេខក្នុងវិក័យបត្រថ្លៃ ព្យាបាល គឺវាធ្វើឲ្យលោកចង់គាំងបេះដូងដដែល។ ថ្លៃព្យាបាលស្នាក់នៅរយៈពេលជាង២ខែរបស់លោក គឺអស់១.១លានដុល្លារ ដោយគ្រាន់ តែការស្នាក់នៅបន្ទប់សង្រ្គោះបន្ទាន់តែឯងប៉ុណ្ណោះ គឺត្រូវបង់ថ្លៃ៩,៧០០ដុល្លារក្នុងមួយថ្ងៃ។
យ៉ាងណាមិញ លោក Flor បានបញ្ជាក់ថា តម្លៃសរុបអាចនឹងលើសពីនេះទៅទៀត ព្រោះវាហាក់រាប់បញ្ចូលការចំណាយមិនទាន់អស់នោះ ទេ។ បើតាមលោក Flor ទោះជាបែបនេះក្តី លោកទំនងជាមិនចាំបាច់ត្រូវចំណាយច្រើនប៉ុន្មាននោះឡើយ សម្រាប់ថ្លៃព្យាបាលនេះ ព្រោះ លោកមានការធានារ៉ាប់រងសុខភាព៕