(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ១,០១៧ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣៩,២៩៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានឱ្យដឹងទៀតថា អ្នកជំងឺ៥៩២នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ នាំឱ្យអ្នកជាសះស្បើយសរុបកើនដល់ ១៥,១២៣នាក់។ លោកបន្ថែមថា ក្នុងរយៈពេល២៤ម៉ោងដូចគ្នា មនុស្ស៦៤នាក់បានស្លាប់ ធ្វើឱ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ២,១៩៨នាក់។
គួរបញ្ជាក់ថា បើតាមលោក Achmad Yurianto ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខេត្តដែលរាយការណ៍ករណីឆ្លងក្នុងកម្រិតខ្ពស់ រួមមានរដ្ឋធានីហ្សាការតា, ខេត្តជ្វា ភាគខាងកើត, ខេត្តកាលីម៉ាន់តាន់ ខាងត្បូង, និងសូឡាវេស៊ី ខាងត្បូង៕