(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន (Moon Jae-in) នៅថ្ងៃចន្ទនេះបាននិយាយថា កូរ៉េខាងត្បូងចង់ឃើញកូរ៉េខាងជើង ងាកមករកដំណោះស្រាយរួមគ្នាមួយតាមរយៈការសន្ទនាគ្នា ជាជាងការប្រើប្រាស់ធម៌ក្តៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំមួយនៅឯវិមានប្រធានាធិបតី លោក Moon Jae-in បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំដឹងច្បាស់ពីការប្តេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងផ្លាស់ប្តូរស្ថានការណ៍ឧបទ្វីបកូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ ស្ថានការណ៍នាពេលបច្ចុប្បន្ន មិនទាន់ល្អដូចការរំពឹងទុកនោះទេ»។
លោក មូន បានបន្ថែមទៀតថា «ដល់ពេលហើយដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ងាកមកស្វែងរកដំណោះស្រាយរួមគ្នាមួយ។ វាដល់ពេលហើយ ព្រោះយើងមិនអាចអង្គុយរងចាំឲ្យស្ថានការណ៍ ឲ្យល្អប្រសើរឡើងខ្លួនឯងនោះឡើយ»។ ប្រធានាធិបតីរូបនេះ ក៏បានបង្ហាញការរំពឹងទុកផងដែរថា កូរ៉េខាងជើងនឹងបើកទ្វារសន្ទនាឲ្យបានកាន់តែធំ សម្រាប់ភាគីទាំងពីរផងដែរ។
គួរជម្រាបថា ការលើកឡើងរបស់លោក Moon Jae-in ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើង បានព្រមានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះថា ខ្លួនអាចនឹងសងសឹងកូរ៉េខាងត្បូងដោយប្រើធម៌ក្តៅ ប្រសិនបើប្រទេសជិតខាងមួយនេះ នៅតែមិនអាចស្វែងរកដំណោះស្រាយ ជុំវិញការបង្ហោះខិត្តប័ណ្ណរិះគន់មេដឹងនាំកំពូល នៃទីក្រុងព្យុងយ៉ាងទេនោះ៕