(ប៉ារីស)៖ ប្រធានាធិបតបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងកាលពីចុងសប្តាហ៍មុននេះថា បារាំងនឹងមិនអនុញ្ញាតឲ្យលុបបំបាត់ ធាតុផ្សំនៃប្រវត្តិសាស្រ្តរបស់ខ្លួន ឬដករូបសំណាករបស់ឥស្សរជននៅទីសាធារណៈ ដែលមានភាពចម្រូងចម្រាសនោះឡើយ បើទោះបីជាមានការកើនឡើងនៃនិន្នាការប្រឆាំង នឹងអតីតមហាអំណាចខាងអាណានិគមមួយនេះ នៅទូទាំងពិភពលោកក៏ដោយ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
នៅចំពោះមុខសំរែកអំពាវនាវ ឲ្យដករូបសំណាករបស់ឥស្សរជននៅទីសាធារណៈ ដែលតំណាងឲ្យការជួញដូរទាសករ និងការដាក់អាណានិគមរបស់ប្រទេសបារាំង លោក Macron បានថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់ប្រជាជាតិរបស់ខ្លួនយ៉ាងដូច្នេះថា «សាធារណៈរដ្ឋបារាំងនឹងមិនលុបចោលនូវស្លាកស្នាម ឬឈ្មោះណាមួយចេញពីប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។ បារំាងនឹងមិនបំភ្លេចនូវស្នាដៃ ឬលុបបំបាត់រូបចម្លាក់ណាមួយរបស់ខ្លួនឡើយ។ ប៉ុន្តែយើងនឹងរក្សារូបចម្លាក់ទាំងនោះនៅជាប្រវត្តិសាស្ត្រ និងជាការចងចាំរបស់យើងទាំងអស់គ្នា»។
ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំងរូបនេះក៏បានទទួលស្គាល់ជាសាធារណៈផងដែរថា «ឈ្មោះ និងពណ៌សម្បុររបស់នរណាម្នាក់» ពិតជាឧបសគ្គមួយដែលរារាំងពួកគេ ដើម្បីទទួលបានយុត្តិធម៌ពេញលេញ និងជោគជ័យនៅក្នុងសង្គមបារាំងពិតមែន។ ប៉ុន្តែទោះជាយ៉ាងណា លោក ម៉ាក្រុង បានអំពាវនាវឲ្យមានការធានាថា មនុស្សគ្រប់រូបអាចរកកន្លែងរបស់ពួកគេបាន នៅក្នុងសង្គមបារាំង ដោយមិនគិតពីប្រភពដើមឡើយ។
គួរជម្រាបថា បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក៏ដូចជាការទាមទាឲ្យលុបបំបាត់រូបសំណាកឥស្សរជនសាធារណៈស្រដៀងគ្នានេះ បានកើតឡើងយ៉ាងពុះកញ្ជោលនៅតាមប្រទេសជាច្រើន ជាពិសេសនៅតាមបណ្តាប្រទេសអតីតម្ចាស់អាណានិគមដូចជា ចក្រភពអង់គ្លេស និងបារាំងជាដើម ត្បិតថាក្រុមអ្នកបាតុកម្មយល់ថា រូបសំណាកទាំងនោះគឺតំណាងឲ្យការរើសអើងជាតិសាសន៍ និងការបែងចេញវណ្ណៈសង្គម។ បាតុកម្ម និងការទាមទារប្រភេទនេះ បានកើតឡើងបន្ទាប់ពី មានករណីស្លាប់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដោយសារការបង្ក្រាបយ៉ាងហិង្សារបស់ប៉ូលីសអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ នៅរដ្ឋមីននីសូតា៕