(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដាក់ទណ្ឌកម្ម មន្ត្រីជាន់ខ្ពស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាច្រើនរូប ដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការចោទប្រកាន់ថាកងទ័ពអាមេរិក ទំនងជាបានប្រព្រឹត្តបទឧក្រិដ្ឋ សង្រ្គាមកំឡុងសង្រ្គាមនៅអាហ្វហ្គានីស្ថាន (ឆ្នាំ២០០៣ ដល់២០០៤)។
បទបញ្ជាប្រតិបត្តិដាក់ទណ្ឌកម្មខាងលើ ក៏មានគោលដៅលើក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់ ICC ទំាងនោះដែរ ដោយពួកគេមិនអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ឬកាន់កាប់ទ្រព្យសម្បត្តិ ដែលស្ថិតនៅក្រោមស្ថាប័នហិរញ្ញវត្ថុអាមេរិកនោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា៖ « យើងមិនអាចអនុញ្ញាតឱ្យក្រុមមន្ត្រី ICC ទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេ ចូលមកកាន់សហរដ្ឋអាមេរិក ដើម្បីដើរផ្សារទិញឥវ៉ាន់, ធ្វើដំណើរកម្សាន្ត និងរីករាយចំពោះសេរីភាពនៅអាមេរិកបានឡើយ ខណៈពួកគេកំពុងចង់កាត់ទោសអ្នកការពារសេរីភាពរបស់ពួកគេ»។
យ៉ាងណាក៏ដោយ ជម្លោះរវាងសហរដ្ឋអាមេរិក និង ICC មិនមែនជារឿងថ្មីថ្មោងនោះទេ ពោលគឺទីក្រុងវ៉ាស៊ីនតោន មិនពេញចិត្តនឹងតុលាការមួយនេះអស់រយៈពេលរាប់ សិបឆ្នាំមកហើយ បើទោះជាខ្លួនបានចូលរួមវិភាគទានសម្រាប់ស្ថាប័នយុត្តិធម៌អន្តរជាតិមួយនេះក៏ដោយ។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តបែបនេះរបស់លោក ដូណាល់ ត្រាំ មួយផ្នែកត្រូវបានគេមើលឃើញថាចង់បង្ខំឱ្យ ICC ទម្លាក់ចោលការស៊ើបអង្កេតប្រឆាំងយោធា អាមេរិក ហើយមួយផ្នែកទៀតក៏ចង់រារាំងមិនឱ្យតុលារអន្តរជាតិ មួយនេះ បើកការស៊ើបអង្កេតលើសម័្ពន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន គឺអ៉ីស្រាអែលពីបទឧក្រិដ្ឋកម្ម សង្រ្គាមប្រឆាំងនឹងប៉ាឡេស្ទីនផងដែរ។
* ICC គឺជាឆ្អឹងទទឹងករបស់សហរដ្ឋអាមេរិកមែនទេ?
តាមពិតទៅ សហរដ្ឋអាមេរិក និង ICC មានភាពតានតឹងនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ICC គឺជាស្ថាប័នយុត្តិធម៌អន្តរជាតិមួយមានមូលដ្ឋាននៅក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ និងមានភារកិច្ចស្វែងរកយុត្តិធម៌ ក៏ដូចជាកាត់ឧក្រិដ្ឋជននៃឧក្រិដ្ឋកម្មសង្រ្គាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ជាដើម។ ICC ត្រូវបានបង្កើតឡើងដោយលក្ខន្តិកៈទីក្រុងរ៉ូម ឆ្នាំ២០០២ ដោយមានប្រទេស១២៣ជាសមាជិក តាមរយៈការផ្ដល់សច្ចាប័ន ប៉ុន្តែសហរដ្ឋអាមេរិកមិនបាន ចុះហត្ថលេខាផ្ដល់សច្ចាប័ន ដើម្បីកា្លយជាសមាជិកនៃស្ថាប័នអន្តរជាតិមួយនេះឡើយ។
ហេតុផលដែលសហរដ្ឋអាមេរិក មិនព្រមស្ថិតនៅក្រោម ប្រព័ន្ធយុត្តធិការ នៃតុលាការ ICC គឺងាយស្រួលយល់បំផុតនោះគឺ៖ ថ្នាក់ដឹកនាំអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ និងសាធារណរដ្ឋ មានការបារម្ភ និងភ័យខ្លាចក្រែង ICC អាចនឹងកាត់ទោសជនជាតិអាមេរិក ជាពិសេសកងទ័ពអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការ យោធានៅជុំវិញពិភពលោក ក្រៅប្រព័ន្ធច្បាប់អាមេរិក។
អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) ដែលដំបូងឡើយធ្លាប់ជាអ្នកគាំទ្រ ICC បានសម្រេចចិត្តពន្យាពេលចុះហត្ថលេខាលើលក្ខន្តិកៈ ទីក្រុងរ៉ូម រយៈពេល១៨ខែ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ ដោយសារបារម្ភថា ICC អាចនឹងជ្រៀកជ្រែកចូលកិច្ចការផ្ទៃក្នុងនៃសកម្មភាពយោធាអាមេរិក។ ក្រៅពី លោក ប៊ីល គ្លីនតុន, លោក ចចដាប់ប៊ែល យូប៊ូស, លោក បារ៉ាក់ អូបាម៉ា រួមទាំងលោក ដូណាល់ ត្រាំ សុទ្ធតែមិនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកក្លាយជាសមាជិក ICC នោះទេ ក្រោមហេតុផលព្រួយបារម្ភដូចគ្នា នោះគឺខ្លាច ICC រំខាន ឬជ្រៀកជ្រែកចូលកិច្ចការផ្ទៃក្នុងនៃសកម្មភាពយោធាអាមេរិក។
*ហេតុអ្វីបានជា ICC ចង់ស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន?
បន្ទាប់ពីដំណើរការនិតិវិធីប្រមូលភស្តុតាងអស់រយៈពេលមួយឆ្នាំមកនេះ, ICC កាលពីខែមីនាកន្លងទៅ បានប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតជាផ្លូវការមួយ លើ បទឧក្រិដ្ឋកម្មសង្រ្គាម ដែលទំនងជាអាចមានជាប់ពាក់ព័ន្ធនឹងយោធាអាមេរិក កំឡុងពេលសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិក មិនមែនជា សមាជិក ICC ក៏ពិតមែន តែអាហ្វាហ្គានីស្ថានគឺជាសមាជិកនៃស្ថាប័នអន្តរជាតិមួយនេះ។ ដូច្នេះក្រុមរដ្ឋអាជ្ញា និងមេធាវី ICC ជឿជាក់ថាពួកគេមានសិទ្ធិដើម្បី បើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែលកើតឡើងនៅក្នុងប្រទេសជាសមាជិករបស់ខ្លួន។
បើតាម ICC ការស៊ើបអង្កេតរបស់ខ្លួន មិនមែនមានគោលដៅតែទៅលើយោធាអាមេរិកនោះទេ ពួកគេក៏ផ្ដោតជាសំខាន់ផងដែរលើសកម្មភាពដែល កងទ័ពអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្រព្រឹត្តនៅក្នុងកំឡុងសង្រ្គាម និងជម្លោះ។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះមើលឃើញថា ការស៊ើបអង្កេតរបស់ ICC គឺមានគោលដៅចម្បង បំផុតលើការចោទប្រកាន់ដែលគេអះអាងថាទីភ្នាក់ងារចារកម្មអាមេរិក CIA បានឃុំខ្លួន ធ្វើទារុណកម្ម និងសួរចម្លើយអ្នកទោស ដោយខុសច្បាប់ ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤។
ចំណែកឯ ក្រុមអ្នកជំនាញខ្លះទៀត យល់ថាការស៊ើបអង្កេតនេះ ធ្វើឡើងដើម្បីការពារមុខមាត់ ICC ផ្ទាល់តែម្ដង ព្រោះថារបាយការណ៍ពីការឃុំខ្លួន, ការធ្វើទារុណកម្ម និងសួរចម្លើយអ្នកទោសដោយខុសច្បាប់របស់ CIA ត្រូវបានចេញផ្សាយនៅក្នុងរបាយការណ៍ស៊ើបអង្កេតដោយអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗជាច្រើន។ ដូច្នេះ ICC ដែល ធ្លាប់រងការរិះគន់ដោយសារតែភាពអសកម្ម ប្រឈមមុខនឹងមហាអំណាចដូចជាសហរដ្ឋអាមេរិក គ្មានជម្រើសអ្វីផ្សេងក្រៅតែការបើកការស៊ើបអង្កេតរកការពិតនោះទេ។
* លោក ដូណាល់ ត្រាំ ចង់ជួយអ៉ីស្រាអែល
កាលពីខែធ្នូ ឆ្នាំ២០១៩ ICC បាននិយាយថាខ្លួនបានបញ្ចប់ការស៊ើបអង្កេតបឋមមួយ លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលអាចមានជាប់ពាក់ព័ន្ធនឹងយោធា អ៉ីស្រាលអែល នៅក្នុងសង្រ្គាមនៃតំបន់ហ្គាហ្សា ឆ្នាំ២០១៤ និងសកម្មភាពធ្វើអាណានិគមលើដែនដី West Bank របស់ប៉ាឡេស្ទីន។ ប៉ាឡេស្ទីន គឺជាសមាជិក ICC តែអ៉ីស្រាអែល មិនមែនឡើយ។ ដោយសារតែអ៉ីស្រាអែល គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រុមអ្នកជំនាញមើលឃើញថា អាមេរិក នឹងប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយដើម្បីការពារអ៉ីស្រាអែល ដូចដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់ចេញមុខរាំងខ្ទប់ជារឿយៗនូវដំណោះស្រាយអង្គការសហប្រជាជាតិ ថ្កោលទោសអ៉ីស្រាអែល ជុំវិញសំណុំរឿងប៉ាឡេស្ទីន។
ដូច្នេះការសម្រេចចិត្តដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC របស់លោក ដូណាល់ ត្រាំ មួយផ្នែកត្រូវបានគេមើលឃើញថាចង់បង្ខំឱ្យ ICC ទម្លាក់ចោលការស៊ើបអង្កេតប្រឆាំងយោធាអាមេរិក ហើយមួយផ្នែកទៀត ក៏ចង់រារាំងមិនឱ្យតុលារអន្តរជាតិមួយនេះ បើកការស៊ើបអង្កេតលើសម័្ពន្ធមិត្តចាក់ទឹកមិនលិច របស់ខ្លួន គឺអ៉ីស្រាអែល ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប៉ាឡេស្ទីនផងដែរ។ ពោលគឺ ការដាក់ទណ្ឌកម្មនេះគឺជាសារព្រមានមួយប្រាប់ ICC ថាកុំថាឡើយយោធាអាមេរិក សូម្បីតែសម្ព័ន្ធមិត្តអាមេរិក ដូចជាអ៉ីស្រាអែល ក៏មិនត្រូវប៉ះពាល់ដែរ៕
ប្រភព៖ VOX (ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០៕