(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៥៧ករណីថ្មី ដែលជាតួលេខឆ្លងខ្ពស់បំផុតមួយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសាមក ខណៈកំពុងមានការព្រួយបារម្ភជាច្រើនពីការផ្ទុះឡើងរលកទី២ ហើយតំបន់ខ្លះនៃរដ្ឋធានីប៉េកាំងត្រូវបានបិទ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណៈកម្មាការជាតិសុខាភិបាលចិន បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន៣៨ ជាករណីឆ្លងនៅក្នុងស្រុក ហើយក្នុង នោះទៀតសោត មាន៣៦ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីប៉េកាំង។ ចំណែកឯ ១៩ករណីផ្សេងទៀត គឺជាករណីនាំចូល ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរត្រឡប់ មកពីបរទេស ហើយមិនមានរបាយការណ៍ពីអ្នកស្លាប់ថ្មីនោះទេ។

គួរបញ្ជាក់ថា បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លងសរុប COVID-19 នៅក្នុងប្រទេសចិនកើនដល់ ៨៣,១៣២នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ឡើងវិញ ៧៨,៣៦៩នាក់៕