(វ៉ាស៊ីនតោន)៖ ស្នងការប៉ូលិសទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក លោកស្រី Erika Shields បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីបុរស ស្បែកខ្មៅម្នាក់ទៀត ត្រូវបានប៉ូលិសបាញ់សម្លាប់កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បុរសស្បែកខ្មៅខាងលើមានឈ្មោះថា Rayshard Brooks អាយុ២៧ឆ្នាំ បានដេកលង់លក់នៅក្នុងរថយន្ដរបស់ខ្លួន នៅក្បែរ ភោជនីយដ្ឋាន មួយកន្លែង ក្នុងទីក្រុង Atlanta។ ប៉ុន្តែ នៅពេលប៉ូលិសមកដល់ រូបគេបានបដិសេធមិនឱ្យពិនិត្យជាតិស្រវឹង ហើយបានតដៃជាមួយប៉ូលិស ជាហេតុធ្វើឱ្យ ប៉ូលិសម្នាក់បាញ់សម្លាប់រូបគេតែម្ដង។ អាជ្ញាធរ មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ត្រីប៉ូលិសពីរនាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅរូបនេះឡើយ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

ដោយឡែក ក្រោយហេតុការណ៍នេះកើតឡើង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរ ហើយប៉ុន្មានម៉ោងក្រោយការតវ៉ា ស្នងការប៉ូលិសទីក្រុង Atlanta លោកស្រី Erika Shields បានសម្រេចចិត្តលាលែងចេញពីតំណែង តែលោកស្រីនឹងបន្តបំពេញការងារក្នុងស្ថានប័នប៉ូលិសដដែល ដោយមានតួនាទីផ្សេង។

គួរជម្រាបថា ការបាញ់សម្លាប់បុរសស្បែក Rayshard Brooks ដោយប៉ូលិសអាមេរិក កើតមានឡើងចំពេលសហរដ្ឋអាមេរិកទំាងមូល កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ា ប្រឆាំងការរើសអើងពូជសាសន៍ និងអំពើឃោរឃៅប្រព្រឹត្តដោយប៉ូលិស បន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ដែលត្រូវបានប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ។ ការស្លាប់របស់ Brooks ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានភាពចលាចលជាថ្មី ក៏ដូចជាដុតបញ្ជេះកំហឹងក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើការតវ៉ារឹតតែខ្លាំងឡើង៕