(វ៉ាស៊ីនតោន)៖ ពេលវេលាជាក់លាក់ត្រូវបានប្រកាសហើយ នោះគឺយានស្រាវជ្រាវភពអង្គារថ្មី របស់អង្គការ NASA ឈ្មោះភើសេវើរែនស៍ (Perseverance) នឹងត្រូវបាញ់បង្ហោះចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ និយាយរួមទៅគឺនៅសល់ពេលតែ​ជាងមួយខែទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។

យានខាងលើនេះនឹងត្រូវពាំដោយគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance (ULA) ចេញពីមូលដ្ឋានបាញ់បង្ហោះ Cape Canaveral ច្រក Complex-41 នៃកងទ័ពអាកាសអាមេរិកស្ថិតក្នុងរដ្ឋផ្លូរីដា។ យាន Perseverance ដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រ ០៧មុខសំខាន់ៗនេះ គ្រោងនឹងហោះទៅដល់ភពអង្គារ ហើយធ្វើការចុះចតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលាលើផែនដី)។

យោងតាមអង្គការ NASA យាន Perseverance នឹងត្រូវធ្វើការសិក្សា​អំពីអតីតកាលនៃភពអង្គារ តាមរយៈការស្វែងរកសំណល់នៃពពួកមីក្រូសារីរាង្គ, ស្វែងយល់ពីបរិយាកាស និងភូមិសាស្ត្រនៃភពអង្គារ, ជីកយកគំរូតាងពីភពអង្គារ រួចបាញ់បញ្ជូនមកកាន់ភពផែនដីវិញ និងត្រួសត្រាយផ្លូវ​សម្រាប់បេសកកម្មមនុស្ស ទៅកាន់ភពក្រហមមួយនេះនៅប៉ុន្មានទសវត្សរ៍ខាងមុខ។

បេសកកម្មយាន Perseverance គឺធំជាងគេបំផុតនៅភពអង្គារ មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីបេសកកម្មយាន ឃារីយ៉ូស៊ីតធី (Curiosity) ដោយវាដើរត្រសងជាមួយផែនការរបស់ NASA ដែលកំពុងកសាងគំរោង Artemis នៅព្រះច័ន្ទ ដើម្បីនាំមនុស្សទៅកាន់ព្រះច័ន្ទជាថ្មី រួចទើបសម្រួលឲ្យមានការបញ្ជូនមនុស្ស​ទៅស្រាវជ្រាវភពព្រះអង្គារ​នៅពេលបន្ទាប់។ ឧបករណ៍ពិសេសមួយនៅក្នុងខ្លួន Perseverance នោះគឺកូនឧទ្ធម្ភាគចក្រកង្ហារភ្លោះ នឹងក្លាយជាឧបករណ៍ហោះហើរដំបូង ដែលមនុស្សបញ្ជូនទៅភពផ្សេង។

ក្រៅពីអង្គការ NASA ប្រទេសចិន និងអេមីរ៉ាត់អារ៉ាប់រួម​ក៏បានប្រកាសពីការបញ្ជូនយាន​របស់ពួកគេទៅកាន់ភពអង្គារជាលើកដំបូងផងដែរ ដោយផ្កាយរណបបូករួមទាំង​យានរុករកចិនលើដីភពអង្គារមានឈ្មោះថា បេសកកម្មធានវិន-១ (Tianwen-1) ខណៈយាន-ផ្កាយរណបរបស់អេមីរ៉ាត់អារ៉ាប់រួមមានឈ្មោះថា អាម៉ាល់ (Amal)។ ដោយឡែកអឺរ៉ុប និងរុស្ស៊ីបានប្រកាសកាលពីប៉ុន្មានខែមុននេះថា យាន ExoMars ដែលពួកគេគ្រោងបញ្ជូនទៅភពអង្គារ ក្នុងពេលតំណាលគ្នានឹងប្រទេសទាំងបី​ខាងលើដែរនោះ គឺត្រូវពន្យារពេលវិញរហូតដល់ឆ្នាំ២០២២ ឯណោះ ដោយសារតែក្រុមវិស្វករ មិនបញ្ចប់ការធ្វើតេស្តយាន ExoMars ឲ្យបានទាន់ពេល។

គួរបញ្ជាក់ថា ការសម្រេចជ្រើសយកខែកក្កដា ឆ្នាំ២០២០ ជាពេលត្រូវបាញ់បង្ហោះយាន​ទៅកាន់ភពព្រះអង្គារនោះ គឺព្រោះតែវាជាពេលដែលផែនដី និងភពអង្គារគោចរមកកាន់ចំណុច​ត្រសងគ្នា ដូច្នេះការចំណាយពេលហោះទៅកាន់ភពអង្គារ​នឹងមានរយៈពេលខ្លី។ បន្ថែមពីនេះឱកាសដែលផែនដី និងភពអង្គារអាចមកកៀកគ្នាបែបនេះ គឺមានតែកំឡុង ២២ខែម្តងប៉ុណ្ណោះ៕