(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១១ករណីបន្ថែមទៀត ដោយក្នុងចំណោមនោះមាន ០៦នាក់ជាប្រភេទនាំចូលពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
បើបូកបញ្ចូលករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,០៧៥ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់។
ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០២នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣៦៧នាក់។ ប្រការនេះវាធ្វើឲ្យចំនួនសរុប នៃអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅទូទាំងប្រទេសចិនបច្ចុប្បន្នមានត្រឹមតែ ៧៤នាក់ប៉ុណ្ណោះ៕