(បាងកក)៖ រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃហៅកាត់ថា CCSA បានប្រកាសថា បំរាមគោចរពេលយប់ នឹងត្រូវដកចេញទាំងស្រុងតែម្តង ចាប់ពីថ្ងៃចន្ទ ទី១៥ ខែមិថុនា សប្តាហ៍ក្រោយនេះតទៅ ប៉ុន្តែការធ្វើដំណើររវាងអន្តរជាតិ នឹងបន្តស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យប្រទេសថៃផ្ទុះករណីឆ្លង COVID-19 រលកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យ CCSA លោក ថាវីស៊ីន វិសានុយោធិន (Taweesin Visanuyothin) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រនេះយ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកជំនាញផ្សេងៗទៀត បានឯកភាពគ្នាថា បំរាមគោចរពីម៉ោង ១១៖០០នាទីយប់ដល់ម៉ោង ៣៖០០នាទីទាបភ្លឺ នឹងត្រូវដកចេញវិញនៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងនៅតែបន្តអនុវត្តទៅមុខទៀត»។

គួរបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះ គឺបានកើតមានឡើងនៅក្នុងកិច្ចប្រជុំរបស់ CSSA ដែលដឹកនាំផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រថៃ ប្រាយុទ្ធ ចាន់អូឆា។ ទោះបីមានការសម្រេច ដកបំរាមគោចរ និងអនុញ្ញាតឲ្យជីវកម្មកាន់តែច្រើនបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្តែការធ្វើដំណើររវាងអន្តរជាតិ តាមមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នឹងត្រូវបន្តស្ថិតក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដូចអ្វីរដ្ឋាភិបាលធ្លាប់បានណែនាំហើយថា ប្រទេសអាស៊ានមួយនេះ គ្មានលទ្ធភាព ក្នុងការទប់ទល់ការផ្ទុះ COVID-19 រលកទី ២ នោះឡើយប្រសិនបើវាកើតឡើង៕