(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥៦នាក់បន្ថែមទៀត ដែល នាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១២,០០៣ ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ១៣នាក់ជាប្រភេទករណីនាំចូលពីបរទេស។ ក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូង ក៏បានរកឃើញករណីស្លាប់ថ្មីៗចំនួន ម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៧៧នាក់ ឬស្មើនឹង ២.៣១% នៃចំនួនអ្នក ដែលបានឆ្លងជំងឺ COVID-19 ទាំងអស់។

ដោយឡែក សម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់១០,៦៦៩នាក់ ហើយ ឬស្មើនឹង ៨៨.៩% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ១៥នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ។

គួរជម្រាបថា ប្រទេសអាស៊ីបូព៌ាមួយនេះ បានស្គាល់អត្រាអ្នកឆ្លងប្រចាំថ្ងៃនៅចន្លោះរវាង ៣០ ទៅ ៦០ករណីសម្រាប់រយៈពេល ១២ថ្ងៃជាប់ៗគ្នាមកហើយ។ នេះក៏ដោយសារតែមានករណីឆ្លងផ្ទុះឡើងជាចង្កោមថ្មី ដែលជាប់ទាក់ទងនឹងការជួបជុំបែបសាសនា និងក្លឹបកម្សាន្តនាពេលរាត្រី នៅតាមតំបន់ជាយក្រុងសេអ៊ូល។

គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ១,០៨០,០០០លាននាក់ហើយ ដោយក្នុងចំណោមនោះ ១,០៤៥,២៤០នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ២៤,២៤៤នាក់ទៀតកំពុងស្ថិតក្នុងការតាមដាន៕