Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Joe Biden៖ ខ្ញុំជឿថាយោធាអាមេរិក នឹងអូសលោក ត្រាំ ចេញពីសេតវិមាន, បើគាត់ចាញ់ឆ្នោត ហើយក្រាញននាលមិនព្រមចេញ (Video inside)

12-06-2020 16:48

(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden មានជំនឿចិត្តយ៉ាងមុតមាំថាយោធាអាមេរិក នឹងអូសលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ក្នុងករណីដែលប្រធានាធិបតីបច្ចុប្បន្នរូបនេះ ចាញ់ការបោះឆ្នោត ហើយនៅតែក្រាញននាលមិនព្រមចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

នៅពេលត្រូវបានពិធីករនៃកម្មវិធី The Daily Show លោក Trevor Noah សាកសួរនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធកន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) ថាតើ លោកធ្លាប់គិតដែរឬទេ នឹងមានរឿងអ្វីកើតឡើង បើសិនជាលោក ត្រាំ មិនព្រមចាកចេញពីសេតវិមាន នៅពេលចាញ់ការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខនេះ លោក Biden បានឆ្លើយដោយមិនស្ទាក់ស្ទើរថាលោកពិតជាធ្លាប់គិតបញ្ហានេះ។ លោក Biden បានគូសបញ្ជាក់ដូច្នេះថា៖ «វាគឺជាការព្រួយបារម្ភដ៏ធំរបស់ ខ្ញុំ។ ប្រធានាធិបតីម្នាក់នេះ (លោក ត្រាំ) កំពុងព្យាយាមលួច និងបន្លំការបោះឆ្នោត...ប៉ុន្តែ ខ្ញុំជឿជាក់យ៉ាងមុតមាំថាយោធាអាមេរិក នឹងអូសគាត់ចេញពីសេតវិមាន បើគាត់នៅតែក្រាញននាលមិនព្រមចុះចេញពីតំណែង នៅពេលចាញ់នៅក្នុងការបោះឆ្នោត»

គួរបញ្ជាក់ថា លោក Joe Biden ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ហើយ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ចូលរួមប្រជែងយក កៅអីប្រធានាធិបតីជាមួយលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយរង់ចាំតែការប្រកាសតែងតាំងជាផ្លូវការ ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះតែប៉ុណ្ណោះ៕