(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានស្នើឱ្យរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្វើការពន្យល់ និងបកស្រាយឱ្យបានច្បាស់បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អាជ្ញាធរបានប្រើប្រាស់យន្ដហោះដ្រូន យន្ដហោះស៊ើបការណ៍ និងបច្ចេកវិទ្យាមួយចំនួន ដើម្បីតាមដានក៏ដូចជាឃ្លំាមើលសកម្មភាព របស់ក្រុមបាតុករក្នុងបាតុកម្មតវ៉ា ដ៏ចលាចលកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងលិខិតផ្ញើជូននាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI លោក គ្រីស្តូហ្វឺ វ៉ារ៉េយ (Christopher Wray) និងមន្ត្រីអនុវត្តអាមេរិកជាន់ខ្ពស់ជាច្រើននាក់ ក្រុមសមាជិកអាមេរិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងយ៉ាងដូច្នេះថា «យើងស្នើឱ្យមានការបកស្រាយ ហើយយើងស្នើឱ្យអ្នកបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពស៊ើបការណ៍ប្រជាជនអាមេរិក ដែលបានចូលរួមនៅក្នុងបាតុកម្មតវ៉ាដោយសន្តិវិធី»។
គួរជម្រាបថា បើតាមរបាយការណ៍ និងសមាជិកសភាបក្សប្រជាធិបតេយ្យ អាជ្ញាធរគយ និងការពារព្រំដែនអាមេរិក (CBP) បានបញ្ជាយន្ដហោះដ្រូនមួយគ្រឿង កាលពីថ្ងៃទី២៩ ខែឧសភា ហោះពីលើទីក្រុងមីននាផូលីស (Minneapolis) ជាទីដែលបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ត្រូវបានប៉ូលិសម្នាក់សង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់។ ចំណែកឯ FBI វិញបានប្រើប្រាស់យន្ដហោះខ្នាតតូច ដើម្បីប្រមូលទិន្នន័យទីតាំងទូរស័ព្ទដៃ ពីលើរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី០២ ខែមិថុនា ហើយ FBI និងកងកម្លាំងឆ្មាំជាតិអាមេរិក ក៏បានប្រើប្រាស់យន្ដហោះស៊ើបការណ៍ RC-26 ហោះឆ្វែលពីលើរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី និងទីក្រុងឡាសវីហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា ក្នុងថ្ងៃតែមួយនេះផងដែរ៕