(ហុងកុង)៖ អាជ្ញាធរហុងកុងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទឹកប្រាក់ចំនួនជាង ៦៦លានដុល្លារហុងកុង ឬស្មើនឹង ៨.៥លានដុល្លារអាមេរិក ត្រូវបានចំណាយដើម្បីជួសជុលទ្រព្យសម្បត្តិសាធារណៈ ដែលត្រូវបានរងការបំផ្លិចបំផ្លាញ ក្នុងកំឡុងពេលបាតុកម្មកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នារសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
អាជ្ញាធរហុងកុងបានគូសបញ្ជាក់យ៉ាងដូច្នេះថា ថវិកាចំនួន ០៨លានដុល្លារហុងកុង ត្រូវបានចំណាយដើម្បីជួសជុលកំរាលថ្ម, ១៥លានដុល្លារហុងកុងត្រូវបានចំណាយដើម្បីជួសជុលផ្លូវដែក, ១.៧លានដុល្លាហុងកុង ត្រូវបានចំណាយលើការជួសជុលធុងសំរាម និង ១.៦លានដុល្លារហុងកុងត្រូវបានចំណាយលើការជំនួសកាមេរ៉ាសុវត្ថិភាព។ ចំណែកឯ ៤០លានដុល្លារហុងកុងផ្សេងទៀតត្រូវបានចំណាយទៅលើការជួសជុលអំពូលភ្លើង និងភ្លើងស្តុប។
កំរាលឥដ្ឋដែលក្រាលសម្រាប់ដើរថ្មើរជើងប្រមាណ ២២,០០០ម៉ែត្រក្រឡាត្រូវបានក្រុមបាតុករយកចេញពីផ្លូវ ដើម្បីប្រើប្រាស់ជាឧបរកណ៍ធ្វើបាតុកម្ម ដោយគប់ទៅលើមន្ត្រីប៉ូលីស។ ចំណែកឯដែករបស់ផ្លូវដែក ត្រូវបានក្រុមបាតុករទាំងនោះប្រើប្រាស់ដើម្បីរារាំងប៉ូលីស។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អាជ្ញាធរហុងកុង។
គួរជម្រាបថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ហុងកុងបានស្គាល់នូវមហាបាតុកម្ម ស្ទើរសឹងតែមិនលោះមួយថ្ងៃ។ មនុស្សជាងមួយលាននាក់បានចេញដង្ហែរតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក របស់រដ្ឋាភិបាលលោកស្រី ខារី ឡាំ។ ក្រោយមកលោកស្រី ឡាំ ក៏បានសម្រេចដកសេចក្តីព្រាងច្បាប់នោះវិញ ប៉ុន្តែក្រុមបាតុករនៅតែមិនព្រមបញ្ឈប់ រហូតរាលដាលដល់ការទាមទារ ឲ្យទម្លាក់លោកស្រីចេញពីដំណែងទៀតផង៕