(វ៉ាស៉ីនតោន)៖ លោក Thomas Lane ដែលស្ថិតក្នុងចំណោមអតីតប៉ូលិស៤នាក់ ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd ទើប ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្រោយផ្តល់ប្រាក់តម្កល់ចំនួន៧៥០,០០០ដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

លោក Lane អាយុ៣៧ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារក្នុង Hennepin County នៃរដ្ឋ Minnesota នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុង តំបន់ នៅសហរដ្ឋអាមេរិក)។ លោកស្ថិតក្នុងចំណោមអតីតប៉ូលិស Minneapolis សរុប៣នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទរួមគំនិតក្នុងការប្រព្រឹត្តឃាតកម្មកម្រិត២ និងមនុស្សឃាតកម្រិត២ ពាក់ព័ន្ធនឹងការស្លាប់របស់លោក Floyd។

សម្រាប់អតីតមន្រ្តីប៉ូលិសម្នាក់ទៀតដែលឈ្មោះ Derek Chauvin គឺជាអ្នកដែលយកជង្គង់សង្កត់កលោក George Floyd ផ្ទាល់ជិត៩នាទី បើទោះបីជាលោក Floyd បានស្រែកអង្វរករថាពិបាកដង្ហើមយ៉ាងណាក៏ដោយ។ លោក Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិត ២ និងមនុស្សឃាតកម្រិត២។ អតីតមន្រ្តីប៉ូលិសទាំង៤នាក់ ក៏ត្រូវបានបញ្ឈប់ពីតួនាទី ក្រោយការស្លាប់របស់លោក Floyd ហើយដោយសារ តែមានការធ្វើបាតុកម្មយ៉ាងកក្រើកទូទាំងសហរដ្ឋអាមេរិក ពួកគេក៏ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ជាផ្លូវការ។

គួរជម្រាបថា លោក Lane ត្រូវបានតុលាការកំណត់ប្រាក់តម្កល់ចំនួន១លានដុល្លារ ដើម្បីអាចនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌ ប៉ុន្តែត្រូវបាន ដោះលែងដោយមានលក្ខខណ្ឌជាមួយប្រាក់៧៥ម៉ឺនដុល្លារ។ ដូច្នេះលោកនឹងត្រូវស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ កំឡុងពេលនៅក្រៅឃុំ នេះ ហើយមិនអាចធ្វើសកម្មភាពមួយចំនួនបានឡើយ។ បើតាមមេធាវីលោក លោក Lane នឹងត្រូវឡើងតុលាការជាថ្មីនៅថ្ងៃទី២៩ ខែមិថុនា ៕