(ប៉េកាំង)៖ វិបត្តិ COVID-19, គោលនយាបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំ ឬ American First របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបាតុកម្មតវ៉ាប្រឆាំងការរើសអើងពូជសាសន៍ ដែលបានផ្ទុះឡើងនៅក្នុងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជួយឱ្យចិនកាន់តែលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំពិភពលោកមួយ ដែលឈរកៀកស្មាជាមួយសហគមន៍អន្តរជាតិ ប្រឆាំងនឹងគំនិតឯកតោភាគីនិយម, អំពើរើសអើងពូជសាសន៍ និងភាពអាត្មានិយមគិតតែប្រយោជន៍ខ្លួនឯង។

American First របស់លោក ដូណាល់ ត្រាំ អស់រយៈពេលជិតមួយអាណត្តិមកនេះ រាប់ចាប់ពីការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគេឯង, ការគំរាមកំហែងដាក់ទណ្ឌកម្ម និងចុងក្រោយបំផុត គឺការប្រកាសផ្ដាច់ជំនួយ និងទំនាក់ទំនងជាមួយ WHO បានធ្វើឱ្យប៉ះពាល់មិនតិចនោះទេ ដល់រូបភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។

ផ្ទុយពីសហរដ្ឋអាមេរិក ចិនបានឆ្លៀតឱកាសនេះបង្ហាញពីសាមគ្គីភាពជាមួយសហគមន៍អន្តរជាតិ តាមរយៈការប្រកាសផ្ដល់ជំនួយបន្ថែមដល់ WHO ក៏ដូចជាបញ្ជូនជំនួយ រួមទាំងអ្នកជំនាញរបស់ខ្លួន ទៅកាន់ប្រទេសជាច្រើន ដើម្បីជួយពួកគេប្រយុទ្ធប្រឆាំងនឹង COVID-19។ បន្ថែមពីលើនេះ ខណៈលោក ដូណាល់ ត្រាំ បានកាត់បន្ថយជំនួយ អាមេរិកទៅកាន់បណ្ដាប្រទេសនៅជុំវិញពិភពលោក ទីក្រុងប៉េកាំងវិញ កាន់តែឱ្យប្រទេសជាច្រើនខ្ចីលុយរបស់ខ្លួន តាមរយៈ «គំនិតផ្ដួចផ្ដើមខែ្សក្រវាត់ និងផ្លូវ»។

គំនិតផ្ដួចផ្ដើមខែ្សក្រវាត់ និងផ្លូវត្រូវបានចិនអះអាងថា នឹងផ្ដល់ផលចំណេញដល់ប្រទេសដទៃ ប៉ុន្តែក្រុមអ្នករិះគន់ ជាពិសេសសហរដ្ឋអាមេរិកតែងតែចោទប្រកាន់ជារឿយៗថា ជាអន្ទាក់បំណុលរបស់ចិន បើទោះជាទីក្រុងប៉េកាំងបដិសេធជាច្រើនលើកក៏ដោយ។

បើតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក (Kiel Institute for the World Economy) ចន្លោះពីឆ្នាំ២០០០ និង២០១៧ ពិភពលោកជំពាក់លុយចិនកើនឡើងពី ៥០០ពាន់លានដុល្លារ ដល់ ៥ទ្រីលានដុល្លារ ឬស្មើនឹង ៦ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក។ លើសពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ចិនបានផ្ដល់កម្ចីដោយផ្ទាល់ ១.៥ទ្រីលានដុល្លារ ដល់បណ្ដាប្រទេសចំនួន ១៥០ នៅជុំវិញពិភពលោក ហើយនេះមិនទាន់រាប់បញ្ចូលកម្ចីជាង ២០០ពាន់លានដុល្លារ ដែលមិនទាន់ត្រូវបានរាយការណ៍ជាផ្លូវការនៅឡើយផង។ តាមរយៈការផ្ដល់ប្រាក់កម្ចីនេះ បានធ្វើឱ្យចិនក្លាយជាម្ចាស់បំណុល​ធំជាងគេបំផុតនៅលើពិភពលោក ដោយនាំមុខអង្គការរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកទៅទៀត។

ដូច្នេះតើវាដល់ពេលហើយមែនទេ ដែលចិនត្រូវអង្គុយតំណែងជាមេដឹកនាំពិភពលោក ជំនួសសហរដ្ឋអាមេរិក? ជាការពិតណាស់ ប្រទេសមួយដែលចង់ក្លាយជាមហាអំណាចលេខ ១ នៅលើពិភពលោក មិនមែនគ្រាន់តែនិយាយពាក្យមួយម៉ាត់ថា ចង់ធ្វើហើយក្លាយមេដឹកនាំគេភ្លាមនោះទេ ពោលគឺចាំបាច់ត្រូវអភិវឌ្ឍខ្លួនឯង ឱ្យមានភាពរឹងមាំគ្រប់វិស័យពិតប្រាកដជាមុនសិន។

បើចិនចង់ធ្វើជាមេដឹកនាំពិភពលោក ត្រូវតែមានចំណុចធំៗទាំង ៥ នេះសិន៖

១៖ មហាអំណាចសេដ្ឋកិច្ច

មហាអំណាចសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងនៃលក្ខខណ្ឌដទៃទៀត ក្នុងនាមជាមហាអំណាចពិភពលោក ហើយមានតែនៅពេលប្រទេសមួយ​មានសេដ្ឋកិច្ចរឹងមាំគ្រប់គ្រាន់ រីឯទីផ្សារនៅក្នុងស្រុកមានភាពទូលំទូលាយប៉ុណ្ណោះ ទើបអាចក្លាយជាទីផ្សារសម្រាប់ពិភពលោក​ទាំងខាងវត្ថុធាតុដើម និងទំនិញផលិតរួចរាល់។ មុននឹងអង់គ្លេស និងអាមេរិកក្លាយជាមហាអំណាច ប្រទេសទាំងពីរនេះធ្លាប់ត្រឹមជាប្រទេស​មានសេដ្ឋកិច្ចឈានមុខគេ ដូច្នេះបើគ្មានសេដ្ឋកិច្ច និងទីផ្សាររឹងមាំទេនោះប្រទេសមួយ​អាចធ្វើត្រឹមមេដឹកនាំពិភពលោករយៈពេលខ្លី តែមិនមានភាពយូរអង្វែងទេ។

២. មហាអំណាចយោធា

ជាធម្មតា ប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំង តែមានយោធាទន់ខ្សោយតែងតែត្រូវបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញពីសំណាក់មហាអំណាចយោធាដទៃ។ ជាឧទាហរណ៍ ការសិក្សាពីប្រវត្តិសាស្រ្តបានបង្ហាញរួចហើយថាឧត្ដមភាព ឬអំណាចនៃអាណាចក្រមួយ មិនអាចឋិតឋេរឡើយ បើគ្មានយោធារឹងមាំ។

៣៖ មនោគមន៍វិជ្ជា និងគុណតម្លៃ

មនោគមន៍វិជ្ជា និងគុណតម្លៃ គឺជាអំណាចទន់ និងចាំបាច់ត្រូវមានសម្រាប់មេដឹកនាំពិភពលោកដូចគ្នា។ នៅក្នុងប្រវត្តិសាស្ត្រ ប្រទេសមហាអំណាចជាច្រើនបានដួលរលំ ដោយសារតែគុណតម្លៃរបស់ពួកគេ មិនសក្តិសមជាមួយពិភពលោក។ មនោគមន៍វិជ្ជា និងគុណតម្លៃ ប្រៀបដូចជាឥន្ធនៈដុតបញ្ឆេះភាពជាមេដឹកនាំ ពីព្រោះវាអាចបញ្ចុះបញ្ចូល ឱ្យមនុស្សទទួលយកប្រព័ន្ធដឹកនាំមួយបានមិនថាតែនៅក្នុងប្រទេសខ្លួនឯង ឬពិភពលោកទាំងមូលនោះឡើយ។

៤៖ សេវាសាធារណៈ-អន្តរជាតិ

សមត្ថភាពផ្ដល់សេវាសាធារណៈនៅត្រង់នេះ គឺចង់សំដៅលើការពារប្រព័ន្ធអន្តរជាតិ និងសណ្ដាប់ធ្នាប់ព្រមទាំងច្បាប់សកល។ សព្វថ្ងៃសហរដ្ឋអាមេរិក គឺជាមេដឹកនាំពិភពលោក មិនមែនគ្រាន់តែបានដឹកនាំសម្ព័ន្ធមិត្ត ឲ្យយកឈ្នះសង្រ្គាមលោកលើកទី ២ នោះឡើយ តែសហរដ្ឋអាមេរិកក៏បានដឹកនាំផងដែរ ក្នុងការបង្កើតស្ថាប័នអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម ដើម្បីថែរក្សាការពារសណ្ដាប់ធ្នាប់សកល។

៥៖ សម្ព័ន្ធមិត្ត

សម្ព័ន្ធមិត្តក៏ជាកត្តាសំខាន់បំផុតដែរ។ ហេតុផលដែលសហរដ្ឋអាមេរិក អាចផ្ដួលសហភាពសូវៀត នៅក្នុងសង្រ្គាមត្រជាក់បាន គឺដោយសារការចងបាច់សម្ព័ន្ធមិត្តនេះឯង។ ដោយឡែកកត្តាសំខាន់ចុងក្រោយបំផុតគឺឱកាស និងសំណាង ដូចជាសុភាសិតចិនតែងពោកថា «ឱកាសឈ្នះមកដល់ ទោះជាយើងចង់ចាញ់ក៏ពិបាកដែរ»។ ប៉ុន្តែធ្វើជាមេដឹកនាំ បើមិនចេះចាប់យកឱកាសនៅចំពោះមុខ នោះពួកគេប្រាកដជាត្រូវចំណាយពេលយូរ ដើម្បីរង់ចាំឱកាសជាលើកទីពីរ៕

ប្រភព៖ South China Morning Post (ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០)