(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នក COVID-19 ចំនួន ៨,៧៧៩នាក់ថ្មីទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ធ្វើឱ្យករណីឆ្លងជំងឺនេះសរុបទូទាំងប្រទេសកើនដល់ ៥០២,៤៣៦ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរសុខាភិបាលរុស្ស៊ីបានឱ្យដឹងទៀតថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៦,៥៣២នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី ១៧៤នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមសេចក្ដីថ្លែងការណ៍ដដែល អ្នកជំងឺ ២៦១,១៥០នាក់បានជាសះស្បើយឡើងវិញ ក្នុងនោះរួមទាំងអ្នកទើបជាសះស្បើយកាលពីថ្ងៃពុធ ៨,៣៦៧នាក់ ខណៈទីក្រុងម៉ូស្គូ នៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានអ្នកឆ្លងសរុប ២០១,២២១នាក់ ហើយមនុស្ស ១៣.៨លាននាក់បានទទួលការធ្វើតេស្ដរក COVID-19។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ ជាប្រទេសមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ ទោះជាបែបនេះក្តី សម្រាប់ករណីស្លាប់នៅក្នុងប្រទេសនេះវិញ គឺស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសធំៗផ្សេងទៀតនៅទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី៕