(ប៊ែរឡាំង)៖ អតីតអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអាល្លឺម៉ង់លោក រីឆាដ ហ្គ្រេណែល (Richard Grenell) បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះផែនការលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកមួយចំនួនធំ ចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុននេះ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបមិនបញ្ជាក់អត្តសញ្ញាណ បានបង្ហើបប្រាប់សារព័ត៌មាន Reuters ថា លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យរៀបចំផែនការ ដកកងទ័ពសហរដ្ឋអាមេរិកសរុប ៩,៥០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដោយវានឹងធ្វើឲ្យចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសធំជាងគេ ប្រចាំទ្វីបអឺរ៉ុបមួយនេះ នៅសល់ត្រឹមតែ ២៥,០០០នាក់ប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះលោក Grenell បានផ្តល់បទសម្ភាសន៍ ដល់សារព័ត៌មានអាល្លឺម៉ង់ Bild Live កាលពីថ្ងៃពុធម្សិលមិញនេះថា «អ្នកទាំងឡាយដែលតែងតែបង់ពន្ធឲ្យអាមេរិកកន្លងមក ហាក់ដូចជាមិនចង់ចំណាយច្រើនពេកនោះឡើយ សម្រាប់កិច្ចការងារប្រទេសរបស់ពួកគេនោះ។ យ៉ាងណាក៏ដោយ នៅមានកងទ័ពសរុប ២៥,០០០នាក់ទៀតនៅអាល្លឺម៉ង់ ដែលវាមិនមែនជាចំនួនតិចនោះឡើយ។ សហរដ្ឋអាមេរិកមិនចាំបាច់ចំណាយច្រើនពេកនោះទេ សម្រាប់កិច្ចការពារប្រទេសផ្សេងៗ»

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹង រវាងលោកផ្ទាល់ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាំងហ្គែឡា មើគែល (Angela Merkel) ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានមួយរយៈ ហើយស្ត្រីដ៏មានឥទ្ធិពលបំផុតលើពិភពលោករូបនេះ ក៏ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ដូណាល់ ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់លើកទឹកដីអាមេរិកនោះផងផែរ៕