(ញូយ៉ក)៖ សេដ្ឋវិទូអន្តរជាតិប្រចាំនៅធនាគារអាល្លឺម៉ង់ ដឺតឆេ (Deutsche Bank) ដែលមានសាខាធំក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក បានធ្វើការសន្និដ្ឋានថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចត្រូវស្តារឡើងវិញ ដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

លោក ម៉ៃខឺល ស្ពិនសឺ (Michael Spencer) ប្រធានផ្នែកវិភាគសេដ្ឋកិច្ច និងជាប្រធានក្រុមស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិចប្រចាំនៅធនាគារ Deutsche បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសសេដ្ឋកិច្ចចម្បងៗរបស់ពិភពលោក កំពុងតែកាត់បន្ថយវិធានការរឹតត្បិត ដែលត្រូវបានដាក់ដើម្បីទប់ស្កាត់ជំងឺ COVID-19 ជាបណ្តើរៗ ហើយពួកគេក៏កំពុងធូរស្បើយពីវិបត្តិសេដ្ឋកិច្ចផងដែរ។ ប៉ុន្តែសម្រាប់ប្រទេសចិនវិញ គឺស្ថិតនៅក្នុងចង្កោមប្រទេស ២ ឬ ៣ ប៉ុណ្ណោះ​ដែលនៅតែអាចមើលឃើញកំណើនសេដ្ឋកិច្ច ទោះបីជាធ្លាប់បានរងវិបត្តិ COVID-19 ធ្ងន់ធ្ងរក៏ដោយ»

អ្នកជំនាញអន្តរជាតិខាងលើនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា លោកកំពុងមើលឃើញសេដ្ឋកិច្ចចិន ត្រូវស្តារឡើងវិញដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងអត្រាកំណើនដែលនឹងអាចសម្រេចបានចាប់ពី ៥-៦%ឯណោះពីខែមេសា ដល់ខែមិថុនា ជាត្រីមាសទី ២ នៃឆ្នាំ២០២០ បន្ទាប់ពីត្រីមាសដំបូងនៃឆ្នាំនេះ ចិនបានទទួលរងផលប៉ះពាក់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែវិបត្តិ COVID-19។ លោក Michael Spencer បានកត់សម្គាល់ថា ចរន្តសេដ្ឋកិច្ចក្នុងស្រុករបស់ចិន ក៏ត្រូវបានស្តារឡើងវិញយ៉ាងប្រសើរផងដែរ៕