(ញូយ៉ក)៖ តាមរយៈទិន្នន័យពីសាកលវិទ្យាល័យអាមេរិក ចច ហប់ឃីន (Johns Hopkins) តួលេខនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ២,០០០,៤៦៤ករណីគិតត្រឹមម៉ោង ១១៖៣៣នាទីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងញូយ៉ក) ដោយក្នុងនោះអ្នកស្លាប់សរុបមានចំនួន ១១២,៩២៤នាក់ និងជាសះស្បើយឡើងវិញជាង ៨សែននាក់។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

សម្រាប់រដ្ឋញូយ៉ក ដែលមានទីក្រុងញូយ៉កនៅក្នុងនោះដែរ នៅតែជាចំណុចកណ្តាលនៃការផ្ទុះជំងឺ COVID-19 ខ្លាំងជាងគេនៅសហរដ្ឋអាមេរិក ជាមួយនឹងករណីឆ្លងសរុប ៣៨០,១៥៦ករណី ក្នុងនោះស្លាប់ ៣០,៥៤២នាក់។ ដោយឡែករដ្ឋផ្សេងៗទៀត ដែលមានករណីឆ្លងលើសពី ១០០,០០០ករណីមានដូចជា ញូជែស៊ី, កាលីហ្វ័រញ៉ា, អ៉ីលីណយស៍, និងម៉ាស្សាឈូសេត។

គួរបញ្ជាក់តាមសារព័ត៌មាន Washington Post ចេញផ្សាយថា ចាប់តាំងពីការផ្ទុះបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ ចច ហ្វ្លយដ៍ (George Floyd) នៅដើមខែមិថុនា ករណីឆ្លងជំងឺ COVID-19 ថ្មីៗជាច្រើនត្រូវបានរកឃើញនៅរដ្ឋជាង ១០ នៅទូទាំងរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ាផងដែរ។ នៅថ្ងៃដដែលនេះអាជ្ញាធរទីក្រុងវ៉ាស៊ីនតោន និងទីក្រុងធំៗផ្សេងទៀត បានណែនាំឲ្យអ្នកដែលបានចូលធ្វើបាតុកម្មរឿង Floyd មកធ្វើតេស្តរក COVID-19៕