(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៅសហរដ្ឋងាមេរិកលោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) បានលើកឡើងថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាចំនួនបីប្រភេទ ដែលត្រូវបានគេដឹងថា មានសក្តានុពលជាងគេក្នុងចំណោមវ៉ាក់សាំងផ្សេងទៀត ដែលកំពុងត្រូវបានអភិវឌ្ឍទូទាំងប្រទេសនោះ នឹងត្រូវទទួលការឧបត្ថម្ភគាំទ្រ និងសិក្សាលម្អិតដោយរដ្ឋាភិបាល អំពីប្រសិទ្ធភាពរបស់វាតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

លោក Anthony Fauci ដែលបច្ចុប្បន្នមានតំណែងជានាយកវិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លង នៃសហរដ្ឋអាមេរិក (NIAI) បានប្រាប់សារព័ត៌មាន CNN យ៉ាងដូច្នេះថា «កិច្ចខិតខំប្រឹងប្រែង ផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា កំពុងតែដំណើរការទៅមុខយ៉ាងប្រសើរបំផុត ហើយយើងរំពឹងខ្ពស់ថា វ៉ាក់សាំងលើសពីមួយនឹងមានសក្តានុពលបំផុត ដើម្បីឲ្យយើងយកទៅធ្វើតេស្ត នៅដើមរដូវក្តៅខាងមុខតែម្តង»

ក្រុមហ៊ុនម៉ូឌែណា (Monderna) នៃសហរដ្ឋអាមេរិក ដែលកំពុងតែនាំមុខគេ និងបានធ្វើតេស្តជោគជ័យប៉ុន្មានតំណាក់កាលមកហើយនោះ នឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណារបស់ខ្លួននៅក្នុងតំណាក់កាលថ្មី ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខណៈវ៉ាក់សាំងរបស់ស្ថាប័នអុកស្វដ និងអាស្ត្រាសេណេកា (Oxford/AstraZeneca) នៅខែសីហា និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ចនសុន និងចនសុន (Johnson & Johnson) នឹងត្រូវធ្វើតេស្តនៅខែកញ្ញាទៅតាមលំដាប់លំដោយ។

គួរបញ្ជាក់ថា ការធ្វើតេស្តខាងលើនេះ នឹងត្រូវចូលរួមដោយមនុស្សរាប់ម៉ឺននាក់ឯណោះ ដើម្បីឲ្យក្រុមហ៊ុន ស្ថាប័នជំនាញរដ្ឋាភិបាល និងអ្នកជំនាញកំពូលៗ អាចគណនាអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងទាំង ៣ ប្រភេទខាងលើនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២,០៦៦,៤០១ករណី ក្នុងនោះស្លាប់ ១១៥,១៣០នាក់ និងជាសះស្បើយ ៨០៨,៤៩៤នាក់៕