(ពិភពលោក)៖ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្ដហោះចម្បាំងមួយក្រុមឱ្យទៅតាមប្រដេញ និងព្រមានយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ឱ្យហោះចេញពីតំបន់ដែនអាកាសកោះតៃវ៉ាន់។
២៖ រដ្ឋមន្រ្តីអប់រំម៉ាឡេស៉ីលោក ម៉ូដ រ៉ាដហ្ស៊ី ជីឌីន (Mohd Radzi Jidin) នាថ្ងៃពុធនេះបានប្រកាសថា ម៉ាឡេស៉ីនឹងចាប់ផ្តើមបើកសាលារៀនឡើងវិញពីថ្ងៃទី២៤ ខែមិថុនា ក្រោយការរាតត្បាតនៃជំងឺ COVID-19 ត្រូវគ្រប់គ្រងបាន។
៣៖ មជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងបាងកកនឹងដកចេញបំរាមគោចរពេលយប់ ក្នុងរយៈពេល ១៥ថ្ងៃជាការសាកល្បង ខណៈវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងនៅតែបន្តមានសុពលភាព ដើម្បីធានាឱ្យបានលើការគ្រប់គ្រងការឆ្លងរាតត្បាត COVID-19។
៤៖ ប៉ូលិសហុងកុងបានឃាត់ខ្លួនមនុស្ស ៥៣នាក់កំឡុងបាតុកម្មតវ៉ាមួយ ដែលមានការចូលរួមពីក្រុមសកម្មជន ប្រជាធិបតេយ្យរាប់រយនាក់ ដើម្បីប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងប៉េកាំង សម្រាប់ដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។
៥៖ សមាជិកនៃកងកម្លាំងឆ្មាំការពារជាតិអាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មដោយហិង្សា ប្រឆាំងការរើសអើងជាតិសាសន៍នោះ មួយចំនួនបានឆ្លងជំងឺ COVID-19 ប៉ុន្តែមិនទាន់មានប្រភពណា អាចបញ្ជាក់អំពីចំនួនជាក់លាក់ឡើយ។
៦៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃពុធនេះ ឥណ្ឌាបានរកឃើញឆ្លងថ្មីៗរហូតដល់ ៩,៩៨៥ករណី និងអ្នកស្លាប់ថ្មីចំនួន ២៧៩នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ៕