(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានសម្រេចដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមសកម្មជនពីរក្រុម ដែលបានបញ្ជូនខិត្តប័ណ្ណរិះគន់ប្រឆាំង នឹងការដឹកនាំរបស់លោកគីម ជុងអ៊ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាត់ផ្តាច់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េ(Hotline) មួយចំនួន ជាមួយទីក្រុងសេអ៊ូល។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានថ្លែងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងចោទប្រកាន់ក្រុមទាំងពីរខាងលើនេះ ពីបទរំលោភបំពានដោយផ្ទាល់លើកិច្ចព្រមព្រៀងរវាងមេដឹកនាំកូរ៉េទាំងពីរ។ ប្រការនេះ វាបានបង្កជាភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅតំបន់ក្បែរព្រំដែនទៀតផង។ ជាមួយគ្នានេះ ក្រសួងក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការដកហូតច្បាប់អនុញ្ញាតឲ្យបង្កើតស្ថាប័នស៊ីវិលទាំងពីរនេះផងដែរ។
គួរជម្រាបថា សកម្មភាពរបស់ទីក្រុងសេអ៊ូលនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ឲ្យដឹងថា ទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េមួយចំនួន ហើយព្រមានថានឹងផ្ដាច់ ឬបិទទាំងស្រុងនូវខ្សែទូរស័ព្ចទំនាក់ទំនងជាមួយកូរ៉េខាងត្បូងតែម្ដង បើសិនជា ទីក្រុងសេអ៊ូល នៅតែបណ្ដែតបណ្ដោយឲ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់កូរ៉េខាងត្បូង បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ ការដឹកនាំរបស់ លោក គីម ជុងអ៊ុន ចូលមកក្នុងព្រំដែនរវាងប្រទេសទាំងពីរ៕