(ហុងកុង)៖ ប្រធានផ្នែកសន្តិសុខនៃទីក្រុងហុងកុងលោក ចន លីខាជូ (John Lee Ka-chiu) នាថ្ងៃពុធនេះបានចោទប្រកាន់តៃវ៉ាន់ និងសហរដ្ឋអាមេរិកថា មានជាប់ពាក់ព័ន្ធក្នុងចលនាបាតុកម្មនៅទីក្រុងស្វយ័តចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក Ka-chiu បានចោទថា តៃវ៉ាន់ និងអាមេរិកពិតជាបានដើរតួនាទីក្នុងដំណើរវិវត្តន៍នៃចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុងកាលពីឆ្នាំមុន។ បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងយ៉ាងកក្រើក កាលពីពាក់កណ្តាលឆ្នាំ២០១៩ ក្នុងទីក្រុងហុងកុងបន្ទាប់ពីអភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានស្នើឡើងនូវច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅអនុញ្ញាតឲ្យមានការធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាន់អាជ្ញាធរចិន។
ខណៈបាតុកម្មនៅតែបន្តនៅហុងកុង សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យខ្លួនដាក់ទណ្ឌកម្ម លើទីក្រុងហុងកុង។ លោក Ka-chiu នាថ្ងៃពុធនេះបាននិយាយថា «ការអនុម័តច្បាប់កាលនោះរបស់អាមេរិក គឺផ្ទុយពីច្បាប់អន្តរជាតិ ហើយស្មើនឹងការចេះចូលមកលូកលាន់កិច្ចការផ្ទៃក្នុងរបស់ហុងកុង។ មួយវិញទៀតចលនាបាតុកម្មនោះ បានផ្ទុះឡើងកំឡុងដំណើរការបោះឆ្នោត ប្រធានាធិបតីនៅតៃវ៉ាន់ថែមទៀត។ ដូច្នេះហើយ វាប្រាកដណាស់ថា មានបរទេសលូកដៃមកជ្រៀតជ្រែក កំឡុងភាពវឹកវរដែលបង្កឡើង ដោយបាតុកម្មអស់រយៈពេលជាច្រើនខែនោះ ហើយលោកយល់ថា មនុស្សភាគច្រើនក៏អាចមើលឃើញបែបនោះដែរ»។
គួរជម្រាប នៅថ្ងៃមិថុនា ឆ្នាំ២០២០នេះ គឺជាខួបមួយឆ្នាំនៃចលនាបាតុកម្មខាងលើ។ កំឡុងបាតុកម្មនោះមនុស្សខ្ទង់ ៩,០០០នាក់ត្រូវបានចាប់ខ្លួន។ បច្ចុប្បន្នកំពុងមានការបារម្ភថា បាតុកម្មទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងជាថ្មីទៀត បន្ទាប់ពីចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង៕