(គូឡាឡាំពួ)៖ រដ្ឋមន្រ្តីអប់រំម៉ាឡេស៉ីលោក ម៉ូដ រ៉ាដហ្ស៊ី ជីឌីន (Mohd Radzi Jidin) នាថ្ងៃពុធនេះបានប្រកាសថា ម៉ាឡេស៉ីនឹងចាប់ផ្តើមបើកសាលារៀនឡើងវិញពីថ្ងៃទី២៤ ខែមិថុនា ក្រោយការរាតត្បាតនៃជំងឺ COVID-19 ត្រូវគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
ថ្ងៃពុធនេះជាថ្ងៃដែលម៉ាឡេស៉ី ចាប់ផ្តើមដកការរឹតត្បិតភាគច្រើនចេញវិញ ពាក់ព័ន្ធការធ្វើដំណើរ និងអាជីវកម្មនានា បន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានប្រកាសកាលពីសប្តាហ៍មុន អំពីភាពទទួលជោគជ័យនៃការគ្រប់គ្រង COVID-19 នៅក្នុងប្រទេសលោក។ ចាប់ពីថ្ងៃនេះតទៅ ការធ្វើដំណើរឆ្លងរដ្ឋដែលកន្លងមកត្រូវបានហាមឃាត់ គឺត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តទៅដូចធម្មតាវិញ ហើយការរឹតត្បិតលើសកម្មភាពសង្គម អប់រំ ក៏ដូចជាសាសនា នឹងត្រូវដកចេញជាជំហានៗ ខណៈអាជីវកម្មនឹងអាចវិលទៅរក ម៉ោងធ្វើប្រតិបត្តិការដូចដើមវិញតែម្តង។ ទាក់ទងនឹងគម្រោងបើកសាលារៀន លោករដ្ឋមន្រ្តីអប់រំម៉ាឡេស៉ីបានបញ្ជាក់ថា សាលានឹងត្រូវបើកទៅតាមដំណាក់កាល។
គួរជម្រាបថា អំឡុងពេលដែលម៉ាឡេស៊ី រងការលុកលុយខ្លាំងពីជំងឺ COVID-19 រដ្ឋាភិបាលម៉ាឡេស៉ីបានបិទអាជីកម្ម ដែលមិនសូវជាសំខាន់ និងសាលារៀន ព្រមទាំងហាមការប្រមូលផ្តុំគ្នា និងរឹតត្បិតការធ្វើដំណើរនៅថ្ងៃទី១៨ ខែមីនា។ ដោយសារចំណាត់ការទប់ស្កាត់ទាំងនេះ អត្រាឆ្លងរាលដាលនៅក្នុងប្រទេសអាស៊ានមួយនេះ បានថយចុះមកនៅយ៉ាងទាប។ មកទល់ពេលនេះ ម៉ាឡេស៉ីបានរកឃើញអ្នកឆ្លង COVID-19 សរុប ៨,៣៣៨នាក់ ក្នុងនោះស្លាប់ ១១៨នាក់ និងជាសះស្បើយវិញ ៧,០១៤នាក់៕