(បាងកក)៖ មជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងបាងកកនឹងដកចេញបំរាមគោចរពេលយប់ ក្នុងរយៈពេល ១៥ថ្ងៃជាការសាកល្បង ខណៈវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងនៅតែបន្តមានសុពលភាព ដើម្បីធានាឱ្យបានលើការគ្រប់គ្រងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យ CCSA លោក ថាវីស៊ីន វីសានុយោធិន (Taweesin Visanuyothin) បានបញ្ជាក់ទៀតថា រយៈពេល ១៥ថ្ងៃនៃការសាកល្បង គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការកំណត់អនាគត់របស់ប្រទេសថៃ ក្នុងការដោះស្រាយវិបត្តិ COVID-19 និងដើម្បីដឹងថា តើត្រូវស្ដារសេដ្ឋកិច្ចជាតិឡើងវិញយ៉ាងដូចម្ដេច។ អ្នកនាំពាក្យបានបន្ថែមថា មិនតែប៉ុណ្ណោះការសាកល្បងនេះទៀតសោត នឹងវាយតម្លៃលើអាកប្បកិរិយាប្រជាជនថៃ រួមទាំងប្រតិកម្មរបស់ពួកគេ ហើយក៏ដើម្បីពិសោធន៍ផងដែរថា តើរលកទី ២ នៃ COVID-19 អាចនឹងផ្ទុះឡើង ឬក៏យ៉ាងណាបន្ទាប់ពីរយៈពេល ០២សប្ដាហ៍នោះ។

គួរបញ្ជាក់ថា លោក Taweesin Visanuyothin មិនបានបញ្ជាក់ឱ្យច្បាស់ថា តើការលុបចោលបំរាមគោចរពេលយប់ជាការសាកល្បង នឹងត្រូវធ្វើឡើងនៅពេលណានោះទេ ប៉ុន្តែលោកបានអះអាងត្រឹមថា វាទំនងជាអាចនឹងត្រូវអនុវត្តនៅថ្ងៃសុក្រ​សប្ដាហ៍នេះក៏ថាបាន។ បំរាមគោចរបច្ចុប្បន្ននៅក្នុងប្រទេសថៃ ត្រូវអនុវត្តពីម៉ោង ១១៖០០នាទីយប់ដល់ ៣៖០០នាទីទាបភ្លឺ ហើយអ្នកល្មើសបំរាមនេះអាចជាប់ពិន័យធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃពុធនេះ ថៃមានករណីឆ្លង COVID-19 សរុប ៣,១២៥ករណី ក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយ ២,៩៨១នាក់៕